ខ្សែការពារកណ្តាល Diego Godin បានបញ្ជាក់កាលពីថ្ងៃអង្គារថា រូបគេចង់បន្តនៅជាមួយនឹងក្លិប Atletico Madrid «ដោយសារតែហេតុផលផ្ទាល់ខ្លួន» ប៉ុន្តែថា រូបគេមិនទាន់បានបន្តកុងត្រារបស់គេ ដែលនឹងផុតកំណត់ក្នុងឆ្នាំ២០១៩ នៅឡើយទេ។ ខ្សែការពារអន្តរជាតិអ៊ុយរូហ្គាយរូបនេះ ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរមួយទៅកាន់ក្លិប Manchester United នៅមុនពេលទីផ្សារដោះដូរកីឡាករនៅអង់គ្លេស បានបិទកាលពីថ្ងៃទី៩ ខែសីហា។

Godin វ័យ ៣២ឆ្នាំ បានប្រាប់ទូរទស្សន៍ Movistar+ ថា៖ «ខ្ញុំបានទទួលសំណើជាច្រើន ប៉ុន្តែបានសម្រេចចិត្តបន្តនៅសម្រាប់ហេតុផលផ្ទាល់ខ្លួន។ ខ្ញុំមិនទាន់បានបន្តកុងត្រារបស់ខ្ញុំនៅឡើយទេ។ ខ្ញុំបានឃើញរឿងជាច្រើន ក្នុងសារព័ត៌មាន ប៉ុន្តែ ពេលនេះ អ្វីដែលសំខាខន់នោះគឺការរង់ចាំ និងផ្តោតលើការប្រកួត UEFA Super Cup»។ Atletico ដែលជាម្ចាស់ជើងឯក Europa League នឹងត្រូវប៉ះជាមួយនឹងក្រុមគូប្រជែងស្ថិតក្នុងទីក្រុងតែមួយ Real Madrid ដែលជាម្ចាស់ជើងឯក Champions League ក្នុងពាន Super Cup ក្នុងទីក្រុង Tallinn នៅរាត្រីនេះ នៅមុនពេលចាប់ផ្តើមរដូវកាលនៃក្របខ័ណ្ឌ La Liga នៅចុងសប្តាហ៍នេះ។

Godin បានលេងការប្រកួតចំនួន ៣៥០លើកសម្រាប់ Atletico ចាប់តាំងពីផ្ទេរមកពីក្លិប Villarreal កាលពី៨ឆ្នាំមុន ដោយឈ្នះពានលីករបស់អេស្ប៉ាញ កាលពីឆ្នាំ២០១៤ ពាន Europa League ឆ្នាំ២០១២ និងដើមឆ្នាំនេះ និងពាន Copa del Rey ឆ្នាំ២០១៣៕