ខ្សែប្រយុទ្ធ Son Heung-min បានទស្សនាការក្នុងនាមជាកីឡាករបម្រុង ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានលត់ក្រុមជម្រើសជាតិបារ៉ែន ក្នុងលទ្ធផល ៦-០ ក្នុងព្រឹត្តិការណ៍ Asian Games កាលពីថ្ងៃពុធ ដើម្បីបង្កើនឱកាសរបស់តារាឆ្នើមនៃក្រុម Tottenham Hotspur រូបនេះក្នុងការគេចឲ្យផុតការបំពេញការតព្វកិច្ចយោធា តាមរយៈការឈ្នះមេដាយមាស។

Son ដែលបានចូលរួមជាមួយនឹងក្រុមជម្រើសជាតិរបស់ខ្លួននៅសប្តាហ៍នេះ បានអបអរដល់ក្រុមម្ចាស់ជើងឯករបស់ខ្លួន ខណៈដែលកីឡាករ Hwang Ui-jo បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងតង់ទី១ ហើយ Kim Jin-ya, Na Sang-ho និង Hwang Hee-chan ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ ក្នុងការប្រកួតបើកឆាកនៃពូល E របស់ពួកគេ។ Spurs បានផ្តល់ឲ្យ Sone វ័យ២៦ឆ្នាំ នូវការអនុញ្ញាតដ៏ពិសេស ក្នុងការលេងក្នុងព្រឹត្តិការណ៍ Asian Games ខណៈដែលការឈ្នះមេដាយមាស នឹងក្លាយជាឱកាសចុងក្រោយរបស់គេក្នុងការរួចផុតពីការបំពេញការតព្វកិច្ចយោធារយៈពេល២១ខែរបស់គេ។

ស្របពេលដែលរូបគេបានកម្តៅសាច់ដុំក្នុងនាមជាកីឡាករបម្រុង Hwang បានជួយឲ្យក្រុមរបស់ខ្លួនដណ្តើមយកការគ្រប់គ្រងលើក្រុមជម្រើសជាតិបារ៉ែន ភ្លាមៗ តាមរយៈការស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងចន្លោះពេល២៦នាទីក្នុងតង់ទី១។ ក្រោយពីមក ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានបន្តគ្រប់គ្រងយ៉ាងល្អក្នុងតង់ទី២ ដើម្បីកត់ត្រាជ័យជម្នះដ៏ធំមួយនៅថ្ងៃបើកឆាកនៃការប្រកួតក្នុងពូលរបស់ពួកគេតែម្តង៕