ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងត្រូវធ្វើការបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Serie A ជាលើកទី១សម្រាប់ក្រុម Juventus ដែលនឹងបើកយុទ្ធនាការរបស់ពួកគេសម្រាប់ការប្រជែងដណ្តើមពានលីកអ៊ីតាលីជាលើកទី៨ ជាប់ៗគ្នា នៅថ្ងៃសៅរ៍នេះ ស្របពេលដែលមានភាពសោកសៅ និងការកាន់ទុក្ខផ្សេងៗក្នុងប្រទេសនេះ ក្រោយពីគ្រោះមហន្តរាយស្ពានក្នុងទីក្រុង Genoa។

ម្ចាស់ពានបាល់មាស Ballon d’Or ៥សម័យកាលរូបនេះ គឺជាតារាឆ្នើមដែលត្រូវបានទិញចូលក្នុងរដូវក្តៅនេះ ក្រោយពីបានផ្ទេរមកពីក្លិប Real Madrid ក្នុងតម្លៃខ្លួន ១០០លានអឺរ៉ូ (ស្មើនឹង ១១៧លានដុល្លារអាមេរិក)។ ប៉ុន្តែ វាអាចនឹងក្លាយជាការចាប់ផ្តើមដ៏ងាយស្រួលមួយសម្រាប់តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់វ័យ ៣៣ឆ្នាំរូបនេះ នៅពេលជួបជាមួយនឹងក្រុម Chievo នាកីឡដ្ឋាន Stadio Bentegodi ក្នុងទីក្រុង Verona នៅថ្ងៃសៅរ៍នេះ នៅថ្ងៃមួយនៃការកាន់ទុក្ខទូទាំងប្រទេសសម្រាប់ជនរងគ្រោះពីការបាក់ស្ពាន Morandi នៅទីក្រុងកំពុងផែភាគពាយព្យនៃប្រទេស។

ឥទ្ធិពលនៃភាពរំជួលចិត្តនៃគ្រោះមហន្តរាយនេះ បានបង្ខំឲ្យមានការពន្យារពេលសម្រាប់ការប្រកួតក្នុងក្របខ័ណ្ឌ Serie A សម្រាប់ក្រុមក្នុងតំបន់នោះដូចជា Sampdoria និង Genoa ដែលត្រូវបានគ្រោងបើកការប្រកួតងរបស់ខ្លួនជាមួយនឹងក្រុម Fiorentina និង AC Milan រៀងៗខ្លួន។ ប៉ុន្តែ រាល់ការប្រកួតផ្សេងទៀត នឹងត្រូវចាប់ផ្តើមដំណើរការជាធម្មតានៅថ្ងៃសៅរ៍នេះ ដែលជាថ្ងៃនៃបុណ្យសពរបស់ជនរងគ្រោះទាំង ៣៨នាក់ ស្របពេលដែលក្រុមកំពូល ២កាលពីរដូវកាលមុន Juventus និង Napoli សុទ្ធសឹងត្រូវប្រកួតដូចគ្នា។ ការធ្វើសមាធិរយៈពេល ១នាទី នឹងត្រូវធ្វើឡើង នៅមុនពេលនៃការប្រកួតនីមួយៗ ខណៈដែលកីឡាករដែលប្រកួតនៅលើទីលាន នឹងពាក់បូរពណ៌ខ្មៅ៕

កម្មវិធីប្រកួតចុងសប្តាហ៍
ថ្ងៃសៅរ៍ ទី១៨ ខែសីហា
Chievo v Juventus ម៉ោង 11 យប់
Lazio v Napoli ម៉ោង 1:30 ទៀបភ្លឺ
ថ្ងៃអាទិត្យ ទី១៩ ខែសីហា
Torino v AS Roma ម៉ោង 11 យប់
Bologna v Spal ម៉ោង 1:30 ទៀបភ្លឺ
Empoli v Cagliari ម៉ោង 1:30 ទៀបភ្លឺ
Parma v Udinese ម៉ោង 1:30 ទៀបភ្លឺ
Sassuolo v Inter ម៉ោង 1:30 ទៀបភ្លឺ
