ក្រុមតោខៀវ Chelsea បានទទួលជ័យជម្នះជាលើកទី២ ជាប់ៗគ្នានៃរដូវកាលនេះ និងបានបន្ថែមសម្ពាធថ្មីមួយថ្មីទៀតដល់ក្រុមកាំភ្លើងធំ Arsenal ក្នុងការទទួលបរាជ័យជាលើកទី២ ជាមួយជ័យជម្នះ ៣-២ ក្នុងទឹកដី Stamford Bridge ខណៈ ដែលក្រុមភ្ញៀវ Arsenal ព្យាយាមធ្វើការវាយបកវិញបានចំនួនពីរគ្រាប់។

ក្រុមតោខៀវបានដាក់សម្ពាធលើក្រុម Arsenal ពីការចាប់ផ្តើមដំបូង ស្របពេលកីឡាករខ្សែបម្រើ-ស្លាប Pedro មានឪកាស ស៊ុតបាល់បញ្ចូលទីក្រោយការបញ្ចូនបាល់ពីខ្សែការពារឆ្វេង Marcos Alonso នៅនាទីទី៩ មុនពេលខ្សែប្រយុទ្ធ និងជាមិត្តរួមជាតិ Morata បន្ថែមគ្រាប់បាល់ទី២ នៅនាទីទី២០។ ចូលមកដល់តង់ទី២ ក្រុមភ្ញៀវមានឪកាសវាយបកតាមស្មើវិញ នៅនាទីទី៣៧ ដោយកីឡាករ Mkhitaryan និងនាទីទី៤១ ដោយកីឡាករ Alex Iwobi ប៉ុន្តែអ្វីៗបានប្រែប្រួលមិនទៀងទាត់ ខ្សែការពារឆ្វេង Marcos Alonso របស់ក្រុមម្ចាស់ផ្ទះ មានឪកាសវាយបករកគ្រាប់បាល់នាំមុខ និងជាគ្រាប់ជ័យជំនះនៅនាទីទី៨១ ក្រោយការបញ្ចូនពីជ្រុងខាងឆ្វេងរបស់ខ្សែបម្រើ Eden Hazard។

បញ្ចប់ការប្រកួត Chelsea ផ្តួលក្រុម Arsenal ក្នុងលទ្ធផល ៣:២ និងជាជ័យជំនះលើកទីពីរសម្រាប់សប្តាហ៏ទី២នៅក្របខណ្ឌ Premier league ខណៈ Arsenal ជួបរឿងបរាជ័យជាលើកទី២ ផងដែរ។
សម្រាប់ការប្រកួតមួយគូទៀតរវាងក្រុមម្ចាស់ផ្ទះ West Ham United ត្រូវជួបជាមួយក្រុមភ្ញៀវ Bournemouth។ ការប្រកួតនៅតង់ទី១ ក្រុមម្ចាស់ផ្ទះមានឪកាសរកបានគ្រាប់បាល់នាំមុខមុននៅនាទីទី៣៣ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ រកបានដោយកីឡាករខ្សែប្រយុទ្ធ Marko Arnautovic ក្រោយពេលដែលកីឡាករក្រុម Bournemouth បង្កកំហុសធ្វើអោយខ្សែប្រយុទ្ធ Hernandez ដួលក្នុងតំបន់គ្រោះថ្នាក់។

ប៉ុន្តែចូលមកដល់តង់ទី២កីឡាករ Wilson និង Cook របស់ក្រុមភ្ញៀវមានឪកាសវាយបកយកឈ្នះវិញ ដោយគ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីទី៦០ និង ៦៦ ធ្វើអោយបញ្ចប់លទ្ធផល ក្រុម West Ham ១:២ Bournemouth។
