តារាឆ្នើម Cristiano Ronaldo, Luka Modric និង Mohamed Salah បានក្លាយជាបេក្ខភាព ៣នាក់ចុងក្រោយសម្រាប់ការឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA សម្រាប់រដូវកាលឆ្នាំ២០១៧-២០១៨។ នេះបើយោងទៅតាមការប្រកាសរបស់អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុប កាលពីថ្ងៃចន្ទ។

Ronaldo ដែលបានឈ្នះពាននេះ ២ឆ្នាំចុងក្រោយ និង Modric សុទ្ធសឹងបានបង្ហាញពីទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម Real Madrid ខណៈដែលក្រុមយក្សអេស្ប៉ាញមួយនេះ បានឈ្នះពាន Champions League ៣ឆ្នាំជាប់ៗគ្នា ខណៈដែល Modric ក៏បានឈ្នះពានបាល់មាសសម្រាប់ការជាប់ជាកីឡាករឆ្នើមបំផុតក្នុងព្រឹត្តិការណ៍ World Cup ក្រោយពីបានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី ឈានទៅវគ្គផ្តាច់ព្រ័ត្រ។

ស្របពេលជាមួយគ្នានេះ តារាឆ្នើមអន្តរជាតិអេហ្ស៊ីប Salah បានស៊ុតបាល់បញ្ចូលទី ១០គ្រាប់ ខណៈដែលក្រុម Liverpool បានឈានទៅកាន់ក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ នៅមុនពេលចាញ់ក្រុម Real ៣-១ ក្នុងទីក្រុង Kiev។ Salah ត្រូវបានបង្ខំឲ្យប្តូរចេញដោយសារតែបញ្ហារបួសស្មា ក្នុងការប្រកួតតង់ទី១នៃការប្រកួត ក្រោយពីបានប៉ះទង្គិចជាមួយនឹងខ្សែការពារ Sergio Ramos របស់ក្លិប Real។ រូបគេក៏បានស៊ុតបាល់បញ្ចូលទី ៣២គ្រាប់ផងដែរក្នុងរដូវកាលទី១របស់គេក្នុងក្របខ័ណ្ឌ Premier League ក៏ដូចជារកបានគ្រាប់បាល់សរុប ៣៨គ្រាប់ ក្នុងរាល់យុទ្ធនាការនេះ។

Lionel Messi ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ក្នុងការបោះឆ្នោតមួយពីសំណាក់គ្រូបង្វឹក ៨០នាក់ មកពីក្លិបផ្សេងៗដែលបានលេងក្នុងក្របខ័ណ្ឌ Champions League និង Europa League ក៏ដូចជាអ្នកកាសែត ៥៥នាក់ ដែលតំណាងឲ្យប្រទេសជាសមាជិករបស់ UEFA៕