ក្រុមនៅលីកកំពូលបារាំងគឺ Bordeaux កំពុងស្វែងរកអ្នកចាត់ការទូទៅថ្មី ខណៈដែលអតីតអ្នកចាត់ការចាស់វស្សារបស់ក្រុម Arsenal លោក​ Arsene Wenger បានអះអាងថា វីរបុរសក្រុមជម្រើសជាតិបារាំង និងកាំភ្លើងធំ Arsenal កីឡាករ Thierry Henry ចាប់អារម្មណ៏ និងចង់ចូលមកដឹកនាំតួនាទីនេះ ក្រោយពីអតីតគ្រូបង្វឹកលោក Gus Poyet បានចាកចេញបន្ទាប់ពីបានអះអាងថាក្រុមប្រឹក្សាភិបាលបានលក់កីឡាករឆ្នើមរបស់ខ្លួនម្នាក់ចេញដោយគ្មានការពិចារណា។ លោក Wenger បានប្រាប់ទៅ Corse Matin ថា: បាទគាត់ចង់ដឹកនាំក្រុមជាមួយនិងភាពឆ្លាតវៃហើយ និងគុណសម្បត្ដិដែលមាន។

Henry អតីតកីឡាករក្រុម Juventus, Arsenal និង Barcelona បានក្លាយជាជំនួយការគ្រូបង្វឹក ក្រុមជម្រើសជាតិប៊ែលហ្សិក លោក Roberto Martinez ចាប់តាំងពីចូលនិវត្តន៍ ស្របពេលពួកគេទាំងពីរ Martinez និង Henry បានជួយក្រុមបែលហ្ស៊ិកឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ២០១៨ នាពេលកន្លងមកថ្មីនេះ។

លោក Wenger ធ្លាប់បាននាំយក ខ្សែប្រយុទ្ធ Henry ពីក្លឹប Juventus មករួមក្រុម Arsenal ហើយបានក្លាយជាខ្សែប្រយុទ្ធកំពូលម្នាក់នៅក្របខ័ណ្ឌ Premier League កំលុងឆ្នាំ១៩៩៩-២០០៧ និងបានជួយក្រុមលើកពាន Premier League ២ដង(២០០១-២០០២) និង (២០០៣-២០០៤) ។