Jamie Carragher អតីតខ្សែការពារហង្សក្រហម Liverpool បានធ្វើការស្ងើចសរសើរពីសមត្ថភាពលេងរបស់កីឡាករខ្សែការពារកណ្តាល Virgil van Dijk បន្ទាប់ពីទទួលជ័យជម្នះ ២-0 របស់ហង្សក្រហមលើក្រុម Crystal Palace កាលពីថ្ងៃចន្ទ។

អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស និង ជាវីរបុរសក្រុម Liverpool កីឡាករ Jamie Carragher ជឿជាក់ថាខ្សែការពារតម្លៃខ្លួនថ្លៃបំផុតរបស់ក្លឹប Liverpool លោក Virgil van Dijk រូបនេះនិងសាងកេរ្តិ៍ឈ្មោះនៅទឹកដី Anfield បានលើសពីការរំពឹងទុករបស់គាត់ជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ Van Dijk កីឡាករវ័យ ២៧ឆ្នាំដើម្បីក្លាយជាខ្សែការពារដ៏ល្អបំផុតនៅក្របខ័ណ្ឌ Premier League និងជាកីឡាករប្រវត្តិសាស្រ្តរបស់ក្រុម Liverpool នាពេលអនាគត។

Carragher បាននិយាយប្រាប់ Sky Sports ថា: ខ្ញុំដឹងថា Van Dijk គឺជាកីឡាករល្អ ប៉ុន្តែគាត់ល្អជាងអ្វីដែលខ្ញុំបានគិត ។ យើងតែងតែនិយាយថា Liverpool មិនអាចឈ្នះពានរង្វាន់ Premier League ដោយសារតែភាពខ្សោយនៅតំបន់ការពាររបស់ពួកគេ ប៉ុន្តែឥឡូវនេះក្រុមមាន Van Dijk គាត់ខ្សែការពារកណ្តាលដ៏ល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League។

Van Dijk បានបង្ហាញទម្រង់លេងដ៏រឹងមាំខណៈ Liverpool បាន ទទួលជ័យជម្នះពីរលើកពីការប្រកួត ក្នុងក្របខ័ណ្ឌ Premier League ជាមួយក្រុម West Ham និងក្រុម Crystal Palace។ ក្រុម Liverpool បានចំណាយទឹកប្រាក់ ៧៥លានផោនដើម្បីនាំយក Van Dijk ពីក្លិប Southampton កាលពីខែមករា ហើយកីឡាករអន្តរជាតិហូឡង់បានជួយដោះស្រាយភាពកំសោយរបស់ក្លឹបនៅតំបន់ការពារ និងបានជួយក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលមុន។