ក្របខ័ណ្ឌ Bundesliga រដូវកាលឆ្នាំ២០១៨-២០១៩ នឹងចាប់ផ្តើមនៅថ្ងៃសុក្រ នៅពេលដែលក្រុមម្ចាស់ជើងឯក Bayern Munich ធ្វើជាម្ចាស់ផ្ទះទទួលក្រុម 1899 Hoff។ ខាងក្រោមនេះគឺជាកីឡាករថ្មីទាំង ៥នាក់ដ៏គួរឲ្យចាប់អារម្មណ៍ដែលត្រូវបានទិញចូលក្នុងក្របខ័ណ្ឌអាល្លឺម៉ង់មួយនេះ។

Axel Witsel វ័យ ២៩ឆ្នាំ (សញ្ជាតិបែលហ្ស៊ិក ផ្ទេរទៅក្លិប Borussia Dortmund)

ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ World Cup ជាមួយនឹងក្រុមជម្រើសជាតិបែលហ្ស៊ិក ខ្សែបម្រើកណ្តាលរូបនេះ ត្រូវបានរំពឹងទុកថា នឹងទទួលតួនាទីដ៏សំខាន់ក្នុងក្លិប Dortmund ក្រោយពីរូបគេបានផ្ទេរពីក្លិប Tianjin Quanjian ក្នុងតម្លៃខ្លួន ២០លានអឺរ៉ូ (ស្មើនឹង២២,៩លានដុល្លារអាមេរិក)។

Davy Klaassen វ័យ២៥ឆ្នាំ (សញ្ជាតិហូឡង់ ផ្ទេរទៅកាន់ក្លិប Werder Bremen)

ក្រោយពីបានបង្ហាញខ្លួនជាលើកទី១របស់គេក្នុងក្របខ័ណ្ឌ Champions League ក្នុងវ័យ១៨ឆ្នាំជាមួយនឹងក្លិប Ajax ខ្សែបម្រើប្រយុទ្ធរូបនេះ បានចូលរួមជាមួយនឹងក្លិប Werder Bremen ក្រោយពីមិនបានទទួលជោគជ័យជាមួយនឹងក្លិប Everton កាលពីរដូវកាលមុន។ Bremen បានចំណាយប្រាក់ចំនួន១៣,៥លានផោន លើ Klaassen។

Alassane Plea វ័យ២៥ឆ្នាំ (សញ្ជាតិបារាំង ទៅកាន់ក្លិប Borussia Moenchengladbach)

រូបគេបានបង្ហាញពីការចាប់អារម្មណ៍ផ្សេងៗតាមរយៈការស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងការបង្ហាញខ្លួនជាលើកទី១របស់គេកាលពីថ្ងៃអាទិត្យមុន នៅពេលដែលក្រុម Gladbach បានយកឈ្នះលើក្រុម Hastedt ក្នុងលទ្ធផល ១១-១ ក្នុងការប្រកួតជុំទី១នៃពាន German Cup។ ជាមួយនឹងការមានតម្លៃខ្លួន២៣លានអឺរ៉ូ រូបគេគឺជាកីឡាករមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តសាស្ត្ររបស់ក្លិបនេះ ហើយរូបគេបានស៊ុតបាល់បញ្ចូលទី៤៤គ្រាប់ និងជួយឲ្យមិត្តរួមរកបាន២៣គ្រាប់ទតៀ ក្នុងការបង្ហាញខ្លួន១៣៥លើកសម្រាប់ Nice។

Paulinho វ័យ១៨ឆ្នាំ (សញ្ជាតិប្រេស៊ីល ទៅកាន់ក្លិប Bayer Leverkusen)

រូបគេមិនមែនជាខ្សែបម្រើរបស់ក្លិប Barcelona វ័យ៣០ឆ្នាំ ដែលបានខ្ចីជើងទៅកាន់ក្លិប Guangzhou Evergrande ឡើយ ប៉ុន្តែ រូបគេគឺជាខ្សែបម្រើស្លាបវ័យក្មេង ដែលបានធ្វើឲ្យក្លិប Leverkusen ចំណាយប្រាក់១៨,៥លានអឺរ៉ូ។

Kasim Adams Nuhu វ័យ២៣ឆ្នាំ (សញ្ជាតិហ្គាណា ទៅកាន់ក្លិប Hoffenheim)

ខ្សែការពារអន្តរជាតិហ្គាណារូបនេះបានឈ្នះពានក្របខ័ណ្ឌលីករបស់ស្វ៊ីស ជាមួយនឹងក្លិប Young Boys Bern កាលពីរដូវកាលមុន ក្រោយពីបានចំណាយពេល២រដូវកាលជាមួយនឹងក្លិប Real Mallorca។ រូបគេមានតម្លៃខ្លួន៨លានអឺរ៉ូ។