ប្រធានក្រុមជម្រើសជាតិ ព័រទុយហ្គាល់ Cristiano Ronaldo បានផ្ទេរមកចូលរួមជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus ពីក្រុម Real Madrid នៅរដូវក្តៅនេះក្រោយពីបានឈ្នះពានរង្វាន់ជើងឯកក្របខ័ណ្ឌ Champions League ជាលើកទី៥ របស់ខ្លួនជាមួយក្រុមអធិរាជសកាលពីរដូវកាលមុន។

Ronaldo បានជួយក្រុមអធិរាជស Real Madrid លើកពានរង្វាន់កំពូលទ្វីបអឺរ៉ុប ៤ដង និង៣រដូវកាល ចុងក្រោយជាប់ៗគ្នា ខណៈដែលកីឡាករវ័យ ៣៣ឆ្នាំរូបនេះក៏ធ្លាប់បានឈ្នះពានរង្វាន់កំពូលនេះនៅក្នុងឆ្នាំ២០០៨ ផងដែរក្នុងកំលុងពេលលេងអោយក្រុមបិសាចក្រហម Manchester United។

ទោះបីជាទទួលបានជោគជ័យជាច្រើនមកហើយក្តី Ronaldo នៅមិនទាន់ពេញចិត្តនឹងសមិទ្ធផលរបស់គាត់ទេរហូតមកទល់ពេលនេះ ខ្សែប្រយុទ្ធស្លាបម្ចាស់ពានបាល់មាស៥ សម័យបានសារភាពថាគាត់មានការចាប់អារម្មណ៍ក្នុងការប្រកួតប្រជែងតាមស្មើកំនត់ត្រាជាមួយវីរបុរសក្រុមជម្រើសជាតិហូឡង់ និងក្លឹប AC.Milan កីឡាករ Clarence Seedorfដែលធ្លាប់ឈ្នះពាន Champion league ជាមួយក្លឹបបាល់ទាត់ចំនួនបីផ្សេងគ្នាជាមួយក្រុម Ajax, Real Madrid និង AC.Milan នាពេលកន្លងមក។

Ronaldo បានប្រាប់បន្តថាៈ យើងនឹងផ្តោតលើរឿងនោះជាមួយមិត្តរួមក្រុមរបស់ខ្ញុំ។ យើងនឹងទៅមួយជំហានម្តងហើយបន្ទាប់មកយើងនឹងឃើញលទ្ធផលនៅឆ្នាំនេះរឺឆ្នាំក្រោយ។ គោលបំណងសម្រាប់ក្លិបគឺដើម្បីឈ្នះពាន Coppa Italia និងការពារតំណែងជើងឯក SerieA ហើយពិតណាស់អ្វីដែលធ្វើបានល្អបំផុតរបស់យើងគឺការឈ្នះពានក្របខ័ណ្ឌ Champions League។ ប្រសិន Ronaldo ឈ្នះពាន Champion Ledaguie ជាលើកទី៦ រូបគេនឹងមានកំនត់ត្រាតាមស្មើកំណត់ត្រាវីរបុរសក្រុម Real Madrid កីឡាករ Paco Gento ដែលបានឈ្នះពានរង្វាន់ នេះ ៦ដងអំឡុងពេលលេងនៅទសវត្សរ៍ឆ្នាំ១៩៥០។