ខ្សែប្រយុទ្ធ Son Heung-min របស់ក្លិប Tottenham បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Asian Games ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ បានផ្តួលក្រុមជម្រើសជាតិអ៊ូបេគីស្ថាន ក្នុងលទ្ធផល ៤-៣ នៅនាទីបន្ថែម ១៥នាទី ២ដង កាលពីថ្ងៃចន្ទ។

តារាឆ្នើមក្នុងព្រឹត្តិការណ៍ World Cup រូបនេះ កំពុងតែស្ថិតក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រជែងយកមេដាយមាស ដែលនឹងធ្វើឲ្យរូបគេរួចផុតពីការបំពេញការតព្វកិច្ចយោធា ហើយរូបគេបានជួយឲ្យមិត្តរួមក្រុមរបស់គេ Hwang Ui-jo រកបាន ២គ្រាប់ នៅមុនពេលកីឡាករ Hwang Hee-chan បានស៊ុតបាល់ប៉េណាល់ទី ១គ្រាប់ទៀតដើម្បីជួយឲ្យកូរ៉េខាងត្បូង ទៅវគ្គបន្ត។ ស្របពេលដែលក្រុម Spurs បានយកឈ្នះលើក្រុម Manchester United ក្នុងការប្រកួតក្របខ័ណ្ឌ Premier League តារាឆ្នើម Son បានបំពេញតួនាទីយ៉ាងល្អ ខណៈដែលកូរ៉េខាងត្បូង បានឈានទៅវគ្គបន្តដើម្បីទៅជួបក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ក្នុងវគ្គ ៤ក្រុមចុងក្រោយ។

ប្រធានក្រុមនៃក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ បានប្រកាសថា រូបគេត្រូវបានគេរំពឹងទុកថានឹងស៊ុតបាល់ប៉េណាល់ទីនោះ ប៉ុន្តែ កីឡាករបម្រុង Hwang Hee-chan បានទាមទារបាល់នោះ ហើយ Son មិនហ៊ានមើលការស៊ុតបាល់នោះឡើយ។ ខ្សែប្រយុទ្ធរូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ «Hee-chan បាននិយាយថា រូបគេចង់ស៊ុតបាល់ប៉េណាល់ទី និងមានការជឿជាក់។ ខ្ញុំបានប្រាប់រូបគេឲ្យស៊ុតបាល់ពិន័យនោះ។ ខ្ញុំមិនបានមើលពីកន្លែងរូបគេបានដាក់បាល់ឡើយ ប៉ុន្តែ ខ្ញុំពិតជាមានមោទនភាពចំពោះរូបគេ»៕

Son បន្តក្តីសង្ឃឹម ក្រោយពីបាល់ប៉េណាល់ទី ជួយឲ្យកូរ៉េ ទៅវគ្គ ១/២ នៃ Asian Games
អត្ថបទទាក់ទង
