កូនប្រុសបងគេបង្អស់របស់តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo បានចាប់ផ្តើមហ្វឹកហាត់ជាមួយនឹងសាលាយុវជនអាយុក្រោម ៩ឆ្នាំរបស់ក្លិប Juventus។ នេះបើយោងទៅតាមបណ្តាញសារព័ត៌មានក្នុងប្រទេសអ៊ីតាលី។

Ronaldo វ័យ ៣៣ឆ្នាំ ម្ចាស់ពានរង្វាន់បាល់មាស ៥សម័យកាល បានចុះហត្ថលេខាឲ្យក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus នៅរដូវក្តៅនេះ ពីក្លិប Real Madrid សម្រាប់តម្លៃខ្លួន ១០០លានអឺរ៉ូ។ កូនប្រុសបងគេបង្អស់របស់គេគឺ Cristiano Jr ដែលបានកើតកាលពីខែមិថុនា ឆ្នាំ២០១០ ត្រូវបានគេឃើញកំពុងតែហ្វឹកហាត់កាលពីថ្ងៃចន្ទ ជាមួយនឹងក្រុមកីឡាករបម្រុង Juve Pulcini 2010 សម្រាប់ក្រុមកុមារអាយុក្រោម ៩ឆ្នាំ នៅឯទីលានហ្វឹកហាត់ Vinovo របស់ក្លិប Juventus។ នាង Georgina Rodriguez ដែលជាគូស្នេហ៍របស់ Ronaldo ក៏មានវត្តមាននៅកន្លែងហ្វឹកហាត់នោះផងដែរ។

កីឡាកររបស់ក្រុម Juventus ផ្សេងៗទៀត ក៏មានកូនៗរបស់ខ្លួនហ្វឹកហាត់ក្នុងសាលារបស់ក្លិបនេះដែរនោះ រួមមានកូនប្រុសរបស់កីឡាករ Andrea Barzagli គឺ Mattia និង Davide ដែលជាកូនប្រុសរបស់អតីតកីឡាករអន្តរជាតិអ៊ីតាលី Claudio Marchisio។ Ronaldo បានបញ្ជាក់កាលពីសប្តាហ៍មុនថា Cristiano Jr ដែលជាកូនប្រុសច្បងគេក្នុងចំណោមកូនទាំង៤របស់គេ គឺជាកីឡាករបាល់ទាត់ដ៏មានទេពកោសល្យម្នាក់។ ខ្សែប្រយុទ្ធរូបនេះបានឲ្យដឹងក្នុងការសម្ភាសមួយជាមួយនឹងទូរទស្សន៍ DAZN ថា៖ «រូបគេពិតជាមានទេពកោសល្យ។ រូបគេមានលក្ខណៈដូចខ្ញុំកាលពីក្មេងអ៊ីចឹង។ រូបគេមិនចង់បាត់បង់បាល់ឡើយ»៕