Jamie Vardy និង Gary Cahill បានប្រកាសពីបំណងរបស់ពួកគេក្នុងការចូលនិវត្តន៍ពីការតព្វកិច្ចអន្តរជាតិ ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស កាលពីថ្ងៃអង្គារ បើទោះបីកីឡាករទាំង២ បានបើកចំហរទ្វារសម្រាប់ការវិលត្រឡប់ទៅវិញក្នុងករណីបន្ទាន់ក៏ដោយ។

ខ្សែប្រយុទ្ធ Vardy វ័យ ៣១ឆ្នាំរបស់ក្លិប Leicester និងខ្សែការពារ Cahill វ័យ ៣២ឆ្នាំរបស់ក្លិប Chelsea សុទ្ធសឹងបានជាប់ជាសមាជិករបស់ក្រុមលោក Gareth Southgate ដែលបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ី។ ប៉ុន្តែ ទោះបីជាយ៉ាងណា កីឡាករទាំង២ បានមើលឃើញថា ពេលវេលានៃការលេងរបស់ពួកគេមានដែនកំណត់ និងជឿជាក់ថា វាដល់ពេលហើយក្នុងការផ្តោតទៅលើអាជីពក្នុងក្លិបរបស់ពួកគេ។

Vardy ដែលបានចូលលេងក្នុងជម្រើសដំបូងត្រឹមតែ១លើកគត់ក្នុង World Cup ក្នុងការប្រកួតវគ្គចែកពូល ជាមួយនឹងក្រុមជម្រើសជាតិបែលហ្ស៊ិក បានប្រាប់កាសែត The Guardian ថា៖ «នៅពេលដែលអ្នកត្រូវបានជ្រើសរើស អ្នកចង់ចូលលេង។ ប្រសិនបើអ្នកបានលេង១សប្តាហ៍ និងអវត្តមាន១សប្តាហ៍សម្រាប់ក្លិបរបស់អ្នក អ្នកក៏ចង់លេងឲ្យក្រុមជម្រើសជាតិអង់គ្លេសផងដែរ»។ ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «ប្រសិនបើវាមិនកើតឡើងសម្រាប់ខ្ញុំពេលនេះ ក្នុងវ័យនេះ វាពិតជារឿងដ៏ល្អក្នុងការស្នាក់នៅផ្ទះ ដើម្បីចំណាយពេលជាមួយនឹងក្រុមគ្រួសារ និងហ្វឹកហាត់ជាមួយនឹងក្លិបរបស់ខ្ញុំ ដើម្បីត្រៀមសម្រាប់ការប្រកួតបន្ទាប់ ក្រោយពីការសម្រាកសម្រាប់យុទ្ធនាការអន្តរជាតិ»៕