ការបញ្ចប់ក្នុងលទ្ធផលស្មើនៅលើទឹកដីក្រុម Salzburg បានជួយឲ្យក្រុមម្ចាស់ជើងឯករបស់ស៊ែប៊ី Red Star Belgrade ឈានទៅវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ជាលើកទី១ ខណៈដែលពួកគេត្រូវបានចូលរួមដោយក្រុម Benfica របស់ព័រទុយហ្គាល់ និងក្រុមហូឡង់ PSV Eindhoven កាលពីថ្ងៃពុធ។

ក្រុម Red Star ដែលបានឈ្នះពាន European Cup កាលពីឆ្នាំ១៩៩១ នោះ បានធ្វើការវាយបកពីការដេញតាមពីក្រោយ ២គ្រាប់ ក្នុងការប្រកួតជើងទី២ ក្នុងប្រទេសអូទ្រីស ដើម្បីដណ្តើមបានលទ្ធផលស្មើ ២-២ និងឈានទៅវគ្គបន្តដោយសារតែគ្រាប់បាល់ក្រៅដី។ ស្របពេលជាមួយគ្នានេះ ក្រុម Benfica បានធ្វើការវាយបកវិញក្រោយពីរូបគ្រាប់បាល់ ១គ្រាប់នៅដើមតង់ ដើម្បីផ្តួលក្រុមរបស់ក្រិក PAOK យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-១ កាលពីរាត្រីថ្ងៃពុធ និងដើម្បីឈ្នះទាំង២ជើង ៥-២។

ដោយឡែក អតីតក្រុមម្ចាស់ជើងឯកអឺរ៉ុប PSV បានយកឈ្នះដោយងាយលើក្រុម BATE Borisov របស់បេឡារុស តាមរយៈការយកឈ្នះក្នុងការប្រកួតជើងទី២ ៣-០ ដើម្បីឈ្នះទាំង២ជើងក្នុងលទ្ធផល ៦-២។ ការចាប់ឆ្នោតសម្រាប់ការប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍នេះ៕

Red Star ឈានទៅវគ្គចែកពូលនៃ Champions League រួមជាមួយ Benfica និង PSV
អត្ថបទទាក់ទង
