ខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លិប Manchester City បានបញ្ជាក់ថា គ្មានកីឡាកររូបណាអាចមានអារម្មណ៍ថា កន្លែងរបស់គេមានសុវត្ថិភាពឡើយ ក្រោយពីខ្សែបម្រើស្លាប Leroy Sane ត្រូវបានលុបឈ្មោះចេញពីក្រុមសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុម Newcastle កាលពីចុងសប្តាហ៍ថ្មីៗនេះ។

ខ្សែបម្រើស្លាបអន្តរជាតិអាល្លឺម៉ង់រូបនេះ ដែលបានចូលរួមជាមួយ Man City កាលពីរដូវក្តៅមុន មិនបានជាប់សូម្បីតែកីឡាករបម្រុងក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Newcaslte លើទឹកដីខ្លួនឯង ២-១ កាលពីថ្ងៃសៅរ៍។ Sane ដែលត្រូវបានជ្រើសរើសក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់សម្រាប់ World Cup នោះ មិនបានបង្ហាញខ្លួនសោះក្នុងការប្រកួត ៤លើកដំបូងរបស់ Man City នៅរដូវកាលនេះ ហើយបើទោះបីរូបគេបានចូលលេងក្នុងជម្រើសដំបូងក្នុងការប្រកួតពាន Community Shield ក៏ដោយ ប៉ុន្តែត្រូវបានប្តូរចេញត្រឹមតង់ទី១។

ព័ត៌មានជាច្រើនកាលពីចុងសប្តាហ៍មុន បានចេញផ្សាយថា លោក Pep Guardiola មិនបានចាប់អារម្មណ៍ទៅនឹងឥរិយាបថរបស់គេឡើយ ខណៈដែលអ្នកចាត់ការទូទៅរូបនេះ ក៏បានបដិសេធក្នុងការបកស្រាយក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកួតរបស់លោកផងដែរ ប៉ុន្តែ វាហាក់បង្ហាញថា Sane វ័យ២២ឆ្នាំ ត្រូវតែខិតខំព្យាយាមឲ្យខ្លាំងដើម្បីវិលទៅកាន់ក្រុមវិញ។ Jesus បានទទួលស្គាល់ថា វាជាការដាស់តឿនមួយសម្រាប់រាល់កីឡាករទាំងអស់។ ខ្សែប្រយុទ្ធអន្តរជាតិរូបនេះ បានឲ្យដឹងថា៖ «វាជារឿងធម្មតាជាមួយនឹងក្រុមដ៏អស្ចារ្យមួយនេះ ខណៈដែលកីឡាករម្នាក់អាចនឹងត្រូវលុបឈ្មោះចេញ។ កាលពីថ្ងៃសៅរ៍ Sane បានអវត្តមាន ប៉ុន្តែទៅថ្ងៃអនាគត វានឹងធ្លាក់មកលើរូបខ្ញុំ ឬកីឡាករផ្សេងទៀតដែរ។ ខ្ញុំនឹងខិតខំព្យាយាមឲ្យខ្លាំង ដើម្បីគេចឲ្យផុតពីការបញ្ហានេះ»៕