លោក Frank Lampard កំពុងតែរីករាយចំពោះការទទួលបានឱកាសក្នុងការធ្វើការប្រជែងជាមួយនឹងអតីតអ្នកចាត់ការទូទៅរបស់ខ្លួនគឺលោក Jose Mourinho នៅពេលដែលក្រុម Manchester United ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Derby ក្នុងការប្រកួតពាន League Cup នាកីឡដ្ឋាន Old Trafford នៅរាត្រីនេះ។

លោក Lampard ដែលកំពុងតែស្ថិតក្នុងអាជីពជាគ្រូបង្វឹកជាលើកទី១ របស់លោកនោះ បានដឹកនាំឲ្យក្រុម Derby របស់លោកឡើងទៅឈរលេខ៦ នៃក្របខ័ណ្ឌ Championship តាមរយៈការយកឈ្នះលើក្រុម Brentford ក្នុងលទ្ធផល ៣-១ លើទឹកដីខ្លួនឯង កាលពីថ្ងៃសៅរ៍។ ក្រុម Man United របស់លោក Mourinho កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ នៅលើតារាងក្របខ័ណ្ឌ Premier League ក្រោយពីការបញ្ចប់ក្នុងលទ្ធផល ១-១ នៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Wolverhampton Wanderers។

លោក Mourinho បានធ្វើជាគ្រូបង្វឹករបស់ Lampard អំឡុងពេលនៃការកាន់តំណែងជាគ្រូបង្វឹក២លើកក្នុងក្លិប Chelsea និងបានបន្សល់ទុកនូវឥទ្ធិពលដ៏ធំមួយលើអតីតខ្សែបម្រើរបស់លោក។ លោក Mourinho បានទូរស័ព្ទទៅអបអរ Lampard ក្រោយពីការផ្តល់កំណើតកូនស្រីទី៣របស់គេ។ លោក Lampard បានឲ្យដឹងថា៖ «ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅកាន់ការជួបរូបគាត់។ ក្នុងកម្រិតទំនាក់ទំនងឯកជន រូបគាត់ជាអ្នកចាត់ការទូទៅម្នាក់ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងអាជីព២លើករបស់ខ្ញុំ ប៉ុន្តែ នេះគឺជាលើកទី១ហើយ»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំគោរពគាត់ទាំងស្រុង។ វានឹងក្លាយជារឿងដ៏ល្អក្នុងការជួបគាត់ និងប្រជែងជាមួយនឹងក្រុមមួយរបស់គាត់។ អ្នកនឹងរកឃើញកីឡាកររបស់លោក Jose Mourinho ក្នុងនាមជាអ្នកចាត់ការទូទៅគ្រប់កន្លែងទាំងអស់ ពីព្រោះគាត់បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងអាជីពរបស់លោក»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕

ប្រភព៖ Sport24