លោក Frank Lampard អ្នកចាត់ការទូទៅរបស់ក្រុម Derby County បានបន្ថែមសម្ពាធទៅលើអតីតអ្នកចាត់ការទូទៅរបស់លោកគឺលោក Jose Mourinho ខណៈដែលក្រុម Derby បានផ្តួលក្រុម Manchester United ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ក្នុងលទ្ធផល ៨-៧ ស្របពេលដែលក្រុម Manchester City បានឈានទៅវគ្គ ១៦ក្រុមចុងក្រោយដោយងាយស្រួលនៃពាន League Cup កាលពីថ្ងៃអង្គារ។

លោក Mourinho បានទទួលការខកចិត្តសម្រាប់ការផ្លាស់ប្តូរកីឡាករដល់ទៅ ៩នាក់ក្នុងជម្រើសដំបូងរបស់លោក ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នាកីឡដ្ឋាន Old Trafford នៅមុនពេលការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ស្របពេលដែលខ្សែបម្រើ Paul Pogba មិនបានត្រូវបានដាក់ឲ្យចូលលេងម្តងទៀត ដោយសារតែការមានទំនាក់ទំនងមិនល្អជាមួយនឹងអ្នកចាត់ការទូទៅរបស់គេ។ ខ្សែការពារ Phil Jones បានស៊ុតបាល់ប៉េណាល់ទីមិនចូលទី ក្រោយពីការបាល់ប៉េណាល់ទីចូលទីយ៉ាងល្អចំនួន ១៥គ្រាប់ពីចំណុចពិន័យម៉ែត្រ។ បើយោងទៅតាមព័ត៌មាននានានៅមុនពេលចាប់ផ្តើមប្រកួត Pogba នឹងមិនធ្វើជាប្រធានក្រុមម្តងទៀតឡើយក្រោមការដឹកនាំរបស់លោក Mourinho ដោយសារតែការរិះគន់ជាសាធារណៈរបស់គេទៅលើបច្ចេកទេសរៀបចំក្រុមរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ។


ស្របពេលជាមួយគ្នានេះ លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Man City បានជួបនូវការរីករាយជាង បើទោះបីបានផ្លាស់ប្តូរកីឡាករជាច្រើនក៏ដោយ ខណៈដែលខ្សែបម្រើអន្តរជាតិអង់គ្លេសអាយុក្រោម១៩ឆ្នាំ Phil Foden បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៣-០ លើក្រុម Oxford។ ក្រុមភ្ញៀវបានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុង ប៉ុន្តែ រកបានត្រឹមតែ១គ្រាប់គត់ក្នុងតង់ទី១ ក្រោយពីខ្សែប្រយុទ្ធ Gabriel Jesus បានតែតបាល់បញ្ចូលទី៕