លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានសម្តែងនូវការកោតសរសើររបស់លោកទៅលើលោក Maurizio Sarri គ្រូបង្វឹកនៃក្រុម Chelsea និងបានសង្កត់ធ្ងន់ថា ក្រុមតោខៀវមួយនេះ គឺជាបេក្ខភាពដ៏ចម្បងក្នុងការឈ្នះពានក្របខ័ណ្ឌ Premier League។

Chelsea ដែលស្ថិតក្រោមការដឹកនាំរបស់លោក Sarri ក្នុងរដូវកាលទី១របស់លោកនាកីឡដ្ឋាន Stamford Bridge មាន១៦ពិន្ទុពីការប្រកួតដែលផ្តល់ពិន្ទុសរុប១៨ ក្នុងក្របខ័ណ្ឌ Premier League មកទល់ពេលនេះ ពោលគឺតិចជាងក្រុម Liverpool ចំនួន២ពិន្ទុ។ ក្លិបទាំង២ នឹងត្រូវជួបគ្នាក្នុងទីក្រុងឡុងដ៍ នៅថ្ងៃសៅរ៍នេះ ប៉ុន្តែនៅថ្ងៃពុធនេះ ពួកគេនឹងត្រូវប្រកួតគ្នាក្នុងជុំទី៣នៃពាន League Cup។ ក្នុងសន្និសីទសារព័ត៌មាននៅមុនពេលការប្រកួតកាលពីថ្ងៃអង្គារ លោក Klopp បាននិយាយនៅពេលដែលត្រូវបានចោទសួរទាក់ទងនឹងលោក Sarri ថា៖ «វាគឺជាការផ្លាស់ប្តូរដ៏ធំបំផុតនៃប្រព័ន្ធដែលខ្ញុំបានឃើញក្នុងរយៈពេលដ៏ខ្លីមួយ។ ទម្រង់លេងពិតជាខុសគ្នាទាំងស្រុង។ គាត់ពិតជាអ្នកចាត់ការទូទៅដ៏អស្ចារ្យមែន»។

លោក Klopp បានបន្ថែមទៀតថា៖ «ខ្ញុំពិតជាអ្នកគាំទ្រម្នាក់របស់គាត់ ចាប់តាំងពីខ្ញុំបានឃើញពួកគេលេងនៅទីក្រុង Naples (ក្រុម Napoli របស់លោក Sarri)។ នោះគឺជាប្រកួតកីឡាបាល់ទាត់ដ៏អស្ចារ្យ ហើយគាត់ធ្វើបានយ៉ាងល្អក្នុងយុទ្ធនាការមុនបើករដូវកាល ដោយគ្មានកីឡាករឆ្នើមៗជាច្រើនដូចជា Eden (Hazard), (Olivier) Giroud និងនៅដើមរដូវកាលនេះ ហើយឃើញឥទ្ធិពលភ្លាមៗរួចជាស្រេច»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ។