ក្រោយ​ចាញ់​ក្លឹប Derby County ក្នុង​កម្មវិធី​ EFL Cup អ្នក​ចាត់​ការ Manchester United លោក Jose Mourinho បាន​ដឹង​មុន​ថា​នឹង “មាន​បញ្ហា” នៅ​ពេល​ដល់​វេន​ខ្សែ​ការពារ Phil Jones ទាត់​បាល់​ប៉េណាល់ទី។

ក្រោយ​និយាយ​សរសើរ​អំពី​ទឹក​ចិត្ត​ប្រឹង​លេង​របស់ Derby County និង​ចំណុច​ខ្សោយ​មួយ​ចំនួន​របស់ Manchester United ក្នុង​អំឡុង​ពេល​ប្រកួត​ អ្នក​ចាត់​ការ Mourinho បាន​និយាយ៖ “នៅ​ពេល​ដល់​វគ្គ​ប៉េណាល់ទី ខ្ញុំ​ដឹង​ស្រេច​ថា​នឹង​មាន​នរណា​ម្នាក់​ស៊ុត​មិន​ចូល។ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ថា ដល់​វេន​ Jones និង Eric (Baily) ខ្ញុំ​ដឹង​មុន​ហើយ​ថា នឹង​មាន​បញ្ហា”។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ស៊ុត​មិន​ចូល​របស់ Jones ក្នុង​វគ្គ​ប៉េណាល់ទី ធ្វើ​ឲ្យ​ក្លឹប Manchester United ចាញ់ Derby County ដឹក​នាំ​ដោយ​លោក Frank Lampard ក្នុង​លទ្ធផល ៧ ទល់​នឹង ៨ ក្រោយ​ស្មើ ២ ទល់​នឹង ២ ក្នុង​ប្រកួត ៩០ នាទី។ ការ​ចាញ់​នេះ ធ្វើ​ឲ្យ​បិសាច​ក្រហម​ចាក​ចេញ​ពី​កម្មវិធី EFL Cup៕
Via :news.sabay