លោក Sheikh Salman bin Ebrahim Al Khalifa ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានបញ្ជាក់ថា លោកមិនចង់ឲ្យអង្គភាពនេះ ធ្លាក់ចូលក្នុង «ភាពជ្រួលច្របល់ឡើយ» ខណៈដែលលោកបានប្រកាសពីការប្រជែងមួយសម្រាប់ការជាប់ឆ្នោតជាថ្មីនៅឆ្នាំក្រោយ។

បុរសរាជវង្សរបស់បារ៉ែនរូបនេះ បានចូលកាន់តំណែងជាលើកទី១ កាលពីឆ្នាំ២០១៣ នៅពេលដែលអង្គភាពកីឡាបាល់ទាត់អាស៊ី នៅតែស្ថិតក្នុងរឿងអាស្រូវនៃការពុករលួយ ដោយក្នុងពេលនោះប្រធានគ្រប់គ្រងមុនលោក Mohamed bin Hammam បានជាប់ពិន័យព្យួរពីកីឡាបាល់ទាត់អស់១ជីវិត។ ក្នុងសន្និបាតរបស់ AFC នាខែមេសា ឆ្នាំក្រោយ លោក Sheikh Salman អាចនឹងប្រឈមមុខនឹងការប្រជែងមួយពីលោក Adel Ezzat សញ្ជាតិអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រធានប្រចាំតំបន់មួយគឺសហភាពកីឡាបាល់ទាត់តំបន់អាស៊ីនីរតី។

លោក Sheikh Salman បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលយើងសម្រេចបានក្នុងពេលនោះ ហើយខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការធ្វើឲ្យអង្គភាពនេះធ្លាក់ចូលក្នុងភាពជ្រួលច្របល់ឡើយ»។ លោកបានបន្ថែមទៀតថា៖ «យើងទាំងអស់គ្នាបានឃើញនូវអ្វីដែល AFC មានពីមុនហើយយើងបានឃើញអ្វីដែលវាដំណើរការពេលនេះ ហើយខ្ញុំសង្ឃឹមថា យើងអាចបន្តពីដំណើរវិវឌ្ឍនោះ»។

លោក Sheikh Salman បានទទួលសំឡេងឆ្នោតភ្លូកទឹកភ្លូកដី កាលពីឆ្នាំ២០១៣ និងបានបំពេញអាណិត្ត២ឆ្នាំចុងក្រោយរបស់លោក bin Hammam នៅមុនពេលជាប់ឆ្នោតជាថ្មីដោយគ្មានគូប្រជែង ដើម្បីទទួលការដឹកនាំពេញសិទ្ធិរយៈពេល៤ឆ្នាំក្នុងឆ្នាំ២០១៥៕

ប្រភព៖ Channel News Asia