សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានប្រកាសថាប្រព័ន្ធបច្ចេកទេសជំនួយការអាជ្ញាកណ្តាល(VAR) នឹងត្រូវបានប្រើប្រាស់នៅកម្មវិធីប្រកួតក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុប Champions League ចាប់ពីរដូវកាលក្រោយ ២០១៩-២០២០ និងនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ទ្វីបអឺរ៉ុប Euro ២០២០។ ការសម្រេចដោយព្រមព្រៀងគ្នាជាឯកច្ឆ័ន្ធនេះត្រូវបានធ្វើឡើងដោយគណៈកម្មាធិការប្រតិបត្តិរបស់ UEFA នៅក្នុងកិច្ចប្រជុំមួយនៅក្រុង Nyon ប្រទេសស្វីសកាលពីព្រឹកថ្ងៃព្រហស្បតិ៍។

ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនេះបានចាប់ផ្តើមដាក់អោយប្រើប្រាស់រួចមកហើយ នៅទ្វីបអឺរ៉ុបហើយត្រូវបានតម្លើង នៅឯព្រឹត្តិការណ៍ World Cup ២០១៨ នៅរដូវក្តៅនេះនៅក្នុងប្រទេសរុស្ស៊ី។ វាជាប្រព័ន្ធតាមដានដែលអនុញ្ញាតឱ្យអាជ្ញាកណ្តាលពិនិត្យមើលឡើងវិញមុននិងធ្វើសេចក្តីសម្រេចចិត្តហេតុការណ៏សំខាន់ៗក្នុងការប្រកួតដើម្បីធានាថាការកាត់សេចក្តីមានតម្លាភាព និងត្រឹមត្រូវប្រកបដោយយុត្តិធម៌។ ជារួមប្រព័ន្ ធVAR នេះត្រូវបានប្រើតែក្នុងករណីមានការសម្រេចចិត្តក្នុងការប្រកួតរវាងភាគីទាំងពីរដូចជា: ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ, ការផ្តល់កាតក្រហម និងកំនត់ករណីអត្តសញ្ញាណខុសឆ្គង ដែលមើលមិនទាន់ និងសព្វគ្របជ្រុងជ្រោយទាំងអស់។

មានការពិភាក្សាលើកឡើងផងដែរអំពីការដាក់ប្រើប្រព័ន្ធ VAR ដែលនិងត្រូវប្រើប្រាស់នៅក្នុងរដូវកាលនេះនៅក្នុងក្របខ័ណ្ឌ Champions League ប៉ុន្តែបានសម្តែងការព្រួយបារម្ភអំពីរបៀបនៃការអនុវត្តស្របពេលការប្រកួតជម្រុះមានភាពមមាញឹកនិងរៀបចំផែនការលើការចំណាយមិនបានទាន់ពេលវេលា។ ប៉ុន្តែឆ្លើយតបនឹងបញ្ហានេះបច្ចុប្បន្នលោក Aleksander Ceferin ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបថ្លែងថា៖ លោកមានទំនុកចិត្តថាគណៈកម្មាធិការ នឹងមានពេលវេលាដើម្បីដាក់ផែនការប្រកបដោយប្រសិទ្ធភាព។ លោក Coferein ពន្យល់ថាៈ យើងមានទំនុកចិត្តថាការណែនាំ VAR នៅក្នុង ខែសីហា ឆ្នាំ២០១៩ នឹងផ្តល់ឱ្យយើងនូវពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំប្រព័ន្ធដ៏រឹងមាំមួយ និងដើម្បីបណ្តុះបណ្តាលមន្ត្រីប្រកួត ដើម្បីធានាបាននូវការអនុវត្តន៍ប្រកបដោយជោគជ័យ VAR នៅក្នុង UEFA Champions League ដែលជាការប្រកួតប្រជែងក្លិបកំពូលរបស់ពិភពលោក។

ព្រឹត្តិការណ៍ផ្សេងៗ ទៀតដែលនឹងត្រូវបានដាក់អោយប្រើប្រាស់ប្រព័ន្ធ(VAR)រួមមានពានរង្វាន់ UEFA Super Cup ឆ្នាំ២០១៩ ជើងឯកអ៊ឺរ៉ុប ២០២០ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Nations League ឆ្នាំ២០២០ និង២០២១ ក្របខ័ណ្ឌ Europa League ឆ្នាំ២០២០-២០២១ ។

ប្រភព៖ besoccer