ខ្សែបម្រើ-ប្រយុទ្ធ Gareth Bale នឹងត្រូវអវត្តមានក្នុងការប្រកួតក្របខ័ណ្ឌកំពូល Champions League របស់ក្លិប Real Madrid និងក្រុម CSKA Moscow នៅកីឡាដ្ឋាន VEB Arena ដោយសាររបួសភ្លៅ។ Bale តារាឆ្នើមរបស់ក្រុមជម្រើសជាតិវេល ដែលបានស៊ុតបាល់បញ្ចូលទីចំនួន ៤គ្រាប់នៅក្នុងរដូវកាលថ្មីនេះត្រូវបានផ្លាស់ប្តូរនៅពាក់កណ្តាលតង់ទី១ ក្នុងការប្រកួតលីកកំពូលអេស្បាញ La Liga របស់ក្រុម Real Madrid ទល់នឹងក្រុមប្រជែងលីក Atletico Madrid និងជាក្លិបមានមូលដ្ឋានរួមទីក្រុងនៅថ្ងៃសៅរ៍។

ប្រធានក្រុមខ្សែការពារកណ្តាល Sergio Ramos ខ្សែការពារឆ្វេង Marcelo និងខ្សែបម្រើ Isco ក៏អវត្តមានពីក្រុមផងដែរ។ Real បានលើកពានក្របខណ្ឌកំពូលទ្វីបអឺរ៉ុប បីឆ្នាំចុងក្រោយជាប់ៗគ្នា និងបានផ្តួលក្រុម Roma ក្នុងលទ្ធផល ៣-0 សម្រាប់ការប្រកួតបើកឆាកក្នុងពួល G របស់ពួកគេ។