Virgil van Dijk បានព្រមានដល់មិត្តរួមក្លិប Liverpool របស់គេថា ពួកគេនឹងត្រូវតែទទួលយកការដែលត្រូវបានប្តូរចេញ ឬការស្ថិតជាកីឡាករបម្រុង ដើម្បីទទួលបានក្រុមដ៏ខ្លាំងមួយនាកីឡដ្ឋាន Anfield ក្រោយពី Mohamed Salah និង Jordan Henderson បានបង្ហាញពីការខកចិត្តរបស់ពួកគេ ចំពោះការដែលត្រូវបានប្តូរចេញអំឡុងពេលការដណ្តើមបានលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Chelsea កាលពីថ្ងៃសៅរ៍។

Salah បានជួបការវិលត្រឡប់ដ៏ខកចិត្តមួយទៅកាន់កីឡដ្ឋាន Stamford Bridge នឹងត្រូវបានប្តូរចេញក្នុងរយៈពេលដ៏ខ្លី ក្រោយពីលេងបានរយៈពេល ៦០នាទី ខណៈដែលក្រុមភ្ញៀវនៅតែដេញតាមពីក្រោយដោយសារតែគ្រាប់បាល់របស់ខ្សែបម្រើ Eden Hazard។ បើទោះបីមិនមានការបារម្ភពីទម្រង់លេងរបស់ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបរូបនេះក្នុងចំណោមបុគ្គលិកគ្រូបង្វឹក ខណៈរូបគេរកបាន ៣គ្រាប់ក្នុងការបង្ហាញខ្លួន ៩លើកមកទល់ពេលនេះក៏ដោយ ប៉ុន្តែ Salah នៅតែត្រូវស្វែងរកទម្រង់លេងដ៏ល្អឥតខ្ចោះរបស់នៅរដូវកាលនេះ ស្របពេលលោក Jurgen Klopp ចង់ប្រើប្រាស់ Daniel Sturridge ឬ Xherdan Shaqiri ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ក្រុម។

នៅពេលដែលត្រូវបានចោទសួរថា កីឡាករឆ្នើមៗ នឹងត្រូវតែស៊ាំទៅនឹងការដែលត្រូវបានគេប្តូរចេញ ឬយ៉ាងណា Van Dijk បានឲ្យដឹងថា៖ «អ្នកត្រូវតែទទួលយក បើមិនអ៊ីចឹងទេ អ្នកគួរតែចាកចេញប្រសើរជាង។ យើងទាំងអស់គ្នាចង់បានតែរឿងមួយគត់គឺ ការទទួលជោគជ័យ ហើយយើងត្រូវការជំនួយពីគ្រប់គ្នា។ វាជារដូវកាលដ៏យូរអង្វែងមួយ ដោយការប្រកួតជាច្រើន។ យើងត្រូវការគ្រប់គ្នា ហើយគ្រប់គ្នាដឹងពីបញ្ហានោះយ៉ាងច្បាស់ ហើយនោះគឺជាភាពខ្លាំងសម្រាប់យើង»៕