ខ្សែបម្រើអេស្ប៉ាញ Suso បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ដើម្បីបញ្ចប់ការមិនអាចរកគ្រាប់បាល់របស់គេក្នុងក្របខ័ណ្ឌ Serie A ខណៈដែលក្រុម AC Milan បានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ ក្រោយពីការដណ្តើមបានលទ្ធផលស្មើ៣លើកជាប់ៗគ្នា តាមរយៈការកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៤-១ ដើម្បីរារាំងការប្រជែងរបស់ក្រុម Sassuolo ក្នុងការឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ២ កាលពីថ្ងៃអាទិត្យ។

ក្រុមម្ចាស់ជើងឯក Juventus បានរក្សាការចាប់ផ្តើមយ៉ាងល្អឥតខ្ចោះរបស់ខ្លួននៅរដូវកាលនេះ តាមរយៈការយកឈ្នះលើក្រុមជើងខ្លាំង Napoli ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃសៅរ៍។ ក្រុម Juventus ដែលរកបាន ២១ពិន្ទុពេញ ក្រោយពីការប្រកួត៧លើកនោះ កំពុងតែនាំមុខ ៦ពិន្ទុលើក្រុម Napoli របស់លោក Carlo Ancelotti ខណៈដែលពួកគេកំពុងតែប្រជែងយកការឈ្នះពានក្របខ័ណ្ឌ Serie A ជាលើកទី៨ជាប់ៗគ្នា។ AC Milan ត្រូវតែដណ្តើមឲ្យបានជ័យជម្នះដើម្បីគេចឲ្យផុតពីការដេញតាមពីក្រោយគូប្រជែងរបស់ខ្លួនកាន់តែឆ្ងាយ ខណៈដែល Inter Milan កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ក្រោយពីបានយកឈ្នះក្នុងលទ្ធផល ២-០ លើក្រុម Cagliari ហើយក្រុម Roma កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៨ ក្រោយពីបានយកឈ្នះលើក្រុមស្ថិតក្នុងទីក្រុងតែ១ Lazio ក្នុងលទ្ធផល ៣-១។

លោក Gennaro Gattuso គ្រូបង្វឹករបស់ក្រុម AC Milan បានឲ្យដឹងថា៖ «លទ្ធផលនេះ អាចជួយយើងឲ្យមានការជឿជាក់ម្តងទៀត។ នៅពេលដែលអ្នកពាក់អាវក្រុម AC Milan និងធ្វើការក្នុងក្លិបដ៏អស្ចារ្យបែបនេះ ដែលចង់វិលទៅកាន់ការលេងកម្រិតកំពូលវិញ វាពិតជាមានសម្ពាធ»៕