វីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីនលោក Diego Maradona បានបង្ហើបអោយដឹងថាគាត់នឹងប្រាប់តារាឆ្នើម Lionel Messi ដាច់ខាតមិនគួរវិលត្រលប់ទៅចូលរួមជាមួយក្រុមជម្រើសជាតិវិញនោះទេ។ តារាឆ្នើម Messi វ័យ ៣១ឆ្នាំបានបង្ហាញខ្លួនជាលើកចុងក្រោយសម្រាប់ក្រុមអាហ្សង់ទីននៅ World Cup ២០១៨ ដោយត្រូវបានខ្ទាតចេញ ក្រោមថ្វីជើងក្រុមម្ចាស់ជើងឯកបារាំង និងមិនមានចេតនាបង្ហាញខ្លួនចូលរួមប្រកួតមិត្តភាពកាលពីខែកញ្ញាជាមួយអ៊ីរ៉ាក់ និងប្រេស៊ីលនាខែតុលានេះទេ។

Maradona រហស្សនាមខ្លាកន្តឿដែលធ្លាប់ជួយអោយអាហ្សង់ទីនឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ១៩៨៦ មានជំនឿថា Messi កីឡាករប្រវត្តិសាស្រ្តស៊ុតបាល់បញ្ចូលទីច្រើនបំផុតអោយជម្រើសជាតិអាហ្សង់ទីនគួរចូលនិវត្តន៍ពីកាតព្វកិច្ចនៅលើឆាកអន្តរជាតិជាតិហើយ។

នៅពេលត្រូវបានចោតសួរដល់ Messi អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ ៥៧ឆ្នាំ និងបច្ចុប្បន្នកំពុងជាគ្រូបង្វឹកដឹកនាំក្រុម Dorados នៅលីកកំពូលទី២ របស់មិកស៊ិកបានប្រាប់គេហទំព័រ Clarin បន្តថា : កុំមកទៀតអី កុំចូលរួមម្តងទៀត ហើយចូរយើងមើលថាតើក្រុមជម្រើសជាតិមានដំណោះស្រាយបែបណានៅក្នុងស្ថានភាពបែបនេះ។ ក្រុមជម្រើសជាតិអាយុក្រោម ១៥ឆ្នាំ(U១៥)ចាញ់ក៏ជាកំហុស Messi, ក្រុមជម្រើសជាតិអាហ្សង់ទីនបរាជ័យក៏ជាការទទួលខុសត្រូវរបស់គាត់រហូត។

អនាគតម្ចាស់ពានរង្វាន់បាល់មាស ៥សម័យរូបនេះ បានស្ថិតក្នុងភាពមិនច្បាស់លាស់ និងធ្លាប់ជួបរឿងស្រងាកចិត្តក្រោយ មិនអាចជួយក្រុមដណ្តើមបានពានរង្វាន់ Copa America ដល់ទៅ ២ដង និងពានរង្វាន់ World Cup កាលពីឆ្នាំ២០១៤ ខណៈដែល Messi ធ្លាប់បានសម្រេចចិត្តចូលនិវត្តន៍កាលពីឆ្នាំ២០១៦ ម្តងរួចមកហើយនោះ។

ប្រភព៖ Besoccer