លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានច្រានចោលកាលថ្ងៃចន្ទថា ការងាររបស់លោកកំពុងតែស្ថិតក្នុងហានិភ័យ ប៉ុន្តែបានទទួលស្គាល់ថា កីឡាករមួយចំនួនរបស់លោកមានការខ្វល់ខ្វាយជាអ្នកផ្សេង នៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League ក្នុងពូល H ជាមួយនឹងក្រុម Valencia នៅរាត្រីនេះ។

Man United បានជួបភាពត្រដាបត្រដួសនៅដើមរដូវកាលនេះ ដោយរកបាន ១០ពិន្ទុពីការប្រកួតបើកឆាក ៧លើកនៃក្របខ័ណ្ឌ Premier League និងបានធ្លាក់ចេញពីការប្រកួតពាន the League Cup ក្រោមស្នាដៃក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី២ Derby County។ ប៉ុន្តែ ទោះបីជាយ៉ាងណា ពួកគេដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុម Young Boys ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូលទី១ របស់ពួកគេ។ ចាប់តាំងពីពេលនោះមក ព័ត៌មាននៃការរំជើបរំជួលជាមួយនឹងកីឡាករឈានមុខគេ Paul Pogba ដែលបានធ្វើឲ្យខ្សែបម្រើអន្តរជាតិបារាំងរូបនេះ ត្រូវបានទម្លាក់តំណែងជាអនុប្រធានក្រុម បានធ្វើឲ្យមានការលើកឡើងផ្សេងៗថា លោក Mourinho កំពុងតែបាត់បង់ឥទ្ធិពលរបស់លោកនៅកីឡដ្ឋាន Old Trafford។

ប៉ុន្តែគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ កំពុងតែស្ថិតក្នុងអារម្មណ៍ជឿជាក់ កាលពីថ្ងៃចន្ទ ហើយនៅពេលដែលត្រូវបានចោទសួរនៅក្នុងសន្និសីទសារព័ត៌មានថា ការងាររបស់លោកកំពុងតែស្ថិតក្រោមសម្ពាធ ឬយ៉ាងណា លោកបានឆ្លើយដោយសារមញ្ញថា៖ «ទេ ខ្ញុំមិនមានអារម្មណ៍បែបនោះឡើយ»។ ក្រោយពីការរងបរាជ័យក្នុងលទ្ធផល ៣-១ របស់ក្រុម Man United នៅលើទឹកដីក្រុម West Ham United កាលពីថ្ងៃសៅរ៍ បណ្តាញសារព័ត៌មានបានចេញផ្សាយពីការទាក់ទងអតីតគ្រូបង្វឹករបស់ Real Madrid លោក Zinedine Zidane ជាមួយនឹងការងាររបស់លោក Mourinho។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕

ប្រភព៖ Channel News Asia