ខ្សែបម្រើ-ប្រយុទ្ធ Kevin De Bruyne របស់ក្លឹប Man City បានវិលត្រឡប់មកហ្វឹកហាត់វិញដើម្បីត្រៀមចូលរួម ការប្រកួតជាមួយក្រុម Hoffenheim នៅក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារនេះ។ កីឡាករឆ្នើមនាំលេងវ័យ ២៧ឆ្នាំរូបនេះ បានរងរបួសជង្គង់ស្តាំរបស់គាត់ក្នុងកំឡុងពេលហ្វឹកហាត់ត្រៀមបើករដូវកាលរបស់ក្រុម Man City ទល់នឹង Arsenal ជាមួយនិងអវត្តមាន ៣ខែដោយនៅក្រៅទីលាន។

ទោះបីជាយ៉ាងនេះក្តី De Bruyne កីឡាករក្រុមជម្រើសជាតិបែលហ្សិក ហាក់បីដូចជាបានវិលត្រឡប់មកហ្វឹកហាត់ដើម្បីបញ្ចេញសមត្ថភាពជួយក្រុមវិញយ៉ាងឆាប់រហ័សជាងការរំពឹងទុកបន្ទាប់ពីចំណាយសម្រាកព្យាបាលរបួសអស់រយៈពេលត្រឹម ៦សប្តាហ៍ដើម្បីត្រៀមខ្លួនចូលរួមប្រកួតជាមួយក្រុមមកពីលីកកំពូលអាឡឺម៉ង់ Bundesliga នៅដើមសប្តាហ៏នេះ។

ក្រុមមេឃខៀវ Man.City របស់លោក Guardiola ត្រូវការបីពិន្ទុត្រលប់មកពីប្រទេសអាល្លឺម៉ង់វិញសម្រាប់វគ្គជម្រុះក្នុងពូលនេះក្រោយពីជួបរឿងខកចិត្តបរាជ័យនៅទឹកដី Etihad របស់ខ្លួនឯជាមួយ នឹងក្រុម Lyon កាលពីសប្តាហ៏មុន ស្របពេលដែល De bruyne ក៏អាចមានវត្តមានចូលរួមប្រកួតនៅក្របខណ្ឌ Premier League ជាមួយក្រុមហង្សក្រហម Liverpool នៅថ្ងៃអាទិត្យនៅទឹកដី Anfield។


ប្រភព៖ besocce