លោក Pep Guardiola បាននិយាយថា ក្រុម Manchester City របស់លោក ប្រឈមមុខនឹងការប្រកួតទី១ ក្នុងចំណោមការប្រកួតវគ្គផ្តាច់ព្រ័ត្រ ៥លើកក្នុងក្របខ័ណ្ឌ Champions League វគ្គចែកពូលនៅលើទឹកដីក្រុម Hoffenheim កាលពីថ្ងៃអង្គារ ក្រោយពីចាញ់ក្នុងការប្រកួតបើកឆាករបស់ពួកគេ។

ការរងបរាជ័យក្នុងលទ្ធផល ២-១ របស់ក្រុម Man City ក្រោមស្នាដៃក្រុម Lyon ក្នុងទីក្រុង Manchester កាលពី២សប្តាហ៍មុន មានន័យថា ពួកគេនឹងធ្វើដំណើរទៅកាន់ទឹកដីអាល្លឺម៉ង់ ដោយសង្ឃឹមថា អាចដណ្តើមបានជ័យជម្នះលើក្រុម Hoffenheim ដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតក្របខ័ណ្ឌ Champions League លើកទឹកដីខ្លួនឯងជាលើកទី១ របស់ពួកគេ។ នៅពេលដែលត្រូវបានចោទសួរអំពីការបរាជ័យក្រោមស្នាដៃក្រុម Lyon លោក Guardiola បានឲ្យដឹងថា៖ «យើងមានការប្រកួតវគ្គផ្តាច់ព្រ័ត្រ ៥លើកនៅពេលនេះ។ យើងបានចាញ់ក្នុងការប្រកួតទី១ ហេតុនេះ បច្ចុប្បន្នយើងត្រូវតែឈ្នះការប្រកួតនីមួយៗ។ នៅថ្ងៃស្អែកនេះគឺជាវគ្គផ្តាច់ព្រ័ត្រទី១។ ប្រហែលជាយើងត្រូវតែស៊ូទ្រាំបន្តិច»។

គ្រូបង្វឹករូបនេះបានប្រាប់បន្តថា៖ «ក្របខ័ណ្ឌ Champions League គឺជាការប្រកួតកម្រិតកំពូល១ ក្រុមនីមួយៗ ពិតជាខ្លាំង ហើយវាធ្វើឲ្យអ្វីៗមានការស្មុគស្មាញ។ យើងលេងមិនបានល្អសោះពេលប្រកួតជាមួយនឹងក្រុម Lyon ក្នុងតង់ទី១»។ លោក Guardiola បានបន្ថែមទៀតថា៖ «ចាប់តាំងពីខ្ញុំបានមកទីនេះ យើងតែងតែឆ្លងទៅវគ្គបន្ត ដោយមិនមានការលំបាក ហើយយើងលទ្ធផលនេះ ប្រហែលជាបង្ហាញពីកម្រិតនៃភាពលំបាកក្នុងយុទ្ធនាការនេះ»។ Kevin de Bruyne បានចូលរួមហ្វឹកហាត់ជាមួយនឹងក្រុម Man City ជាលើកទី១ នៅមុនពេលពួកគេបានធ្វើដំណើរចាកចេញពីទីក្រុង Manchester កាលពីថ្ងៃចន្ទ ចាប់តាំងពីរងរបួសជង្គង់ កាលពីខែសីហា ប៉ុន្តែការជួបជាមួយនឹងក្រុម Hoffenheim ហាក់ឆាប់ពេកហើយសម្រាប់តារាឆ្នើមអន្តរជាតិបែលហ្ស៊ិករូបនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១១:៥៥ទៀបភ្លឺ៕

ប្រភព៖ Channel News Asia