បន្ទាប់​ពី​មាន​ភាព​ចម្រូង​ចម្រាស់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ឲ្យ​ចូល​លេង​ក្នុង​ប្រកួត​ក្របខ័ណ្ឌ​UCLនៅ​យប់​ថ្ងៃ​អង្គារ​នេះ ​រវាង​កំពូល​អ្នក​ចាំ​ទី​ទាំង​ពីរ​របស់​ក្លឹប​អធិរាជ​ស គឺ​ Kaylor Navas និង​ Thibaut Courtois ខ្សែ​ការពារ​សញ្ជាតិ​បារាំង Raphael Varane បាន​និយាយ​ថា រូប​គេ​និង​ក្លឹប​ទាំង​មូល​ពិត​ជា​មាន​សំណាង​ណាស់​ដែល​មាន​កីឡាករ​ចាំ​ទី​ល្អ​ៗ​អញ្ចឹង​។

នៅ​ក្នុង​សន្និសីទ​មុន​ប្រកួត​រវាង​ ក្លឹប​ Real Madrid និង​ម្ចាស់​ផ្ទះ​ CSKA Moskow កីឡាករ​វ័យ​ ២៥​ឆ្នាំ​រូប​នេះ​បាន​លើក​ឡើង​ថា​៖ ” រូប​ខ្ញុំ​ផ្ទាល់​ពិត​ជា​មិន​ដឹង​ថា ពីរ​នាក់​ហ្នឹង​នរណា​នឹង​ត្រូវ​លេង​ក្នុង​ប្រកួត​ក្របខ័ណ្ឌ​ UCL នេះ​ទេ។ សម្រាប់​ខ្ញុំ​អ្នក​ចាំ​ទី​ទាំង​ពីរ​នាក់​នេះ​ល្អ​ដូច​គ្នា “។

កីឡាករ​សម្បុរ​ស្រអែម​មួយ​នេះ​ បាន​បន្ត​ថា​៖ ” តាម​ការ​ពិត​ទៅ​មិន​មែន​មាន​តែ​អ្នក​ចាំ​ទី​ ២​ទេ​ គឺ​មាន​៤​នាក់​ឯណោះ​។ យើង​ទាំង​គ្នា​បាន​ជឿ​ជាក់​ពួកគេ​(អ្នក​ចាំ​ទី​ទាំង៤) ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​បាន​ធ្វើ​ឲ្យ​ម្នាក់​ៗ​ អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង”។

កាល​ពី​ខែ​សីហា​កន្លង​ទៅ ក្លឹប​ Real Madrid បាន​ផ្ទេរ​កីឡាករ​អ្នក​ចាំ​ទី​សញ្ជាតិ​បែលហ្សិក​ Thibaut Courtois ពី​ក្លឹប​ Chelsea ក្នុង​តម្លៃ​ ៣៥​លាន​អឺរ៉ូ​។ ការ​ផ្ទេររបស់​កីឡាករ​វ័យ​២៦​ឆ្នាំ​នេះ​ ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនមើលឃើញថា អាចធ្វើឲ្យកីឡាករ​អ្នក​ចាំ​ទី​សញ្ជាតិ​កូស្តារីកា​ Kaylor Navas បាត់​បង់​តំណែង​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ប្រចាំ​ក្លឹប​ Real Madrid ៕
ប្រភពពី: Sabay