ខ្សែប្រយុទ្ធរបស់ក្លិប Juventus កីឡាករ Cristiano Ronaldo មិនមានឈ្មោះស្ថិតនៅក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់សម្រាប់ការប្រកួតលក្ខណៈអន្តរជាតិជាមួយក្រុមជម្រើសជាតិប៉ូឡូញ និងស្កុតឡេននៅខែតុលា ២០១៨នេះទេ។អតីតកីឡាករ Real Madrid និង Manchester United បានសម្រាកពីការប្រកួតអោយក្រុមជម្រើសជាតិគិតចាប់តាំងពីខែកញ្ញាមកម្លេះ ខណៈដែលរូបគេកំពុងត្រូវបានរងការចោតប្រកាន់កាលពីថ្ងៃពុធ ពីការរំលោភសេពសន្ធវៈលើអតីតគ្រូបង្រៀនជនជាតិអាមេរិកនាង Kathryn Mayorga កាលពីឆ្នាំ២០០៩ នៅទីក្រុងឡាសវេហ្គាស។

Ronaldo បានឆ្លើយតបដោយភាពស្ងប់ស្ងាត់ជុំវិញការស៊ើបអង្កេតសំណុំរឿងអាស្រូវនេះ ខណៈដែលគាត់បានបង្ហាញពីមនសិការច្បាស់លាស់ និងត្រឹមត្រូវដោយច្រានចោលអំពីការចោទប្រកាន់នេះ។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ ៣៣ឆ្នាំរូបនេះក៏បានខកខានជួយក្រុមផ្តួលក្លឹប Youngboys នៅក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារតាមរយៈការព្យួរ។ ម្ចាស់ពានរង្វាន់ Ballon d’Or ៥ដង Ronaldo ដែលបានចូលរួមជាមួយ Juventus ក្នុងតម្លៃ ៩៩,២លានផោនកាលពីខែកក្កដា បានស៊ុតបញ្ចូលទី ៨៥គ្រាប់ក្នុង ១៥៤ប្រកួតសម្រាប់ជម្រើសជាតិ និងបានជួយក្រុមឈ្នះពានរង្វាន់ Euro ២០១៦ ផងដែរ។

លោក Fernando Santos គ្រូបង្វឹកក្រុមព័រទុយហ្គាល់បាននិយាយថា: នៅថ្ងៃអនាគតគ្មានអ្វីអាចរារាំងកីឡាករ Cristiano ពីការផ្តល់វិភាគទានដល់ក្រុមជម្រើសជាតិឡើយ។ កាលពីខែកញ្ញា Ronaldo បានអវត្តមានក្នុងជំនួបជាមួយក្រុម ក្រូអាត និងអ៊ីតាលីដោយហេតុផលត្រូវការពេលវេលាដើម្បីសម្របខ្លួនទៅនឹងការលេងអោយស៊ីសង្វាក់គ្នាជាមួយមិត្តរួមក្រុមថ្មី។ ព័រទុយហ្គាល់នឹងត្រូវប្រកួតជាមួយម្ចាស់ផ្ទះប៉ូឡូញនៅក្នុងក្របខ័ណ្ឌ UEFA Nations នៅថ្ងៃទី១១ ខែតុលា មុនពេលធ្វើដំណើរទៅជួបប្រកួតមិត្តភាពជាមួយស្កុតឡែន នៅថ្ងៃទី១៤ ខែតុលា ខាងមុខផងដែរ។

ប្រភព៖ BBC