ទោះបីជាមិនបានជួយក្លឹបឡើងពីក្របខណ្ឌលំដាប់ទី២ មកលេងនៅក្របខណ្ឌ Premier League វិញក្រោយរួមរស់ជាមួយគ្នាអស់រយៈពេលពីរឆ្នាំជាមួយការខិតខំប្រឹងប្រែងដ៏គួរអោយចាប់អារម្មណ៍ សម្រាប់អ្នកចាត់ការនៅក្នុងសម័យទំនើបលោក Steve Bruce មិនអាចបន្តដឹកនាំក្រុមបាន ក្រោយពី Aston Villa ទទួលលទ្ធផលស្មើ ៣-៣ ជាមួយនឹងក្រុម Preston North End កាលពីសប្តាហ៏មុន។ អតីតគ្រូបង្វឹកក្រុម Everton និងជម្រើសជាតិ អង់គ្លេស លោក Sam Allardyce ព្រមទាំងលោក Graham Potter បច្ចុប្បន្នកំពុងដឹកនាំក្រុម Swansea ក៏មានឈ្មោះក្នុងបញ្ជីសំរាំងដែរ ប៉ុន្តែទាស់ត្រង់ថាក្រុមត្រូវការអ្នកចាត់ការដែលមិនធ្លាប់ឆ្លងកាត់ការបណ្តេញចេញ ច្រើន ពីមុនមក និងជាអតីតកីឡាករដែលមានបទពិសោធន៏លេង ហើយទើបតែចូលនិវត្តន៏ប៉ុន្មានឆ្នាំចុងក្រោយនេះ។

យោងរបាយការណ៍ Daily Mail បានឱ្យដឹងថាៈ John Terry អតីតកីឡាកររបស់ Villa គឺស្ថិតនៅក្នុងឱកាសមកទទួលកិច្ចការងារដឹកនាំនេះ បើទោះបីអតីតខ្សែការពារកណ្តាលក្រុមជម្រើសជាតិអង់គ្លេស និងតោខៀវ Chelsea រូបនេះមិនធ្លាប់មានបទពិសោធន៏ ដឹកនាំក្រុមពីមុនយ៉ាងណាក៏ដោយ ខណៈប្រិយមិត្តជាច្រើនរបស់ក្រុមបានស្នើតែងតាំងវីរបុរសក្រុម Arsenal កីឡាករ Thierry Henry គួរត្រូវទទួលបានការងារនេះផងដែរ។

មូលហេតុដែលក្រុមចង់តែងតាំង Henry គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះព្រោះពឹងផ្អែកទៅលើ បទពិសោធន៏បង្វឹកគឺរូបគេមានអាទិភាពជាង Terry ដោយសារតែបច្ចុប្បន្ន Henry តួនាទីរបស់គាត់ជាជំនួយការគ្រូបង្វឹកលោក Roberto Martinez ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក ប៉ុន្តែមកដល់ពេលនេះមិនទាន់មាន បេក្ខភាពណាមួយដែល និងកំពុងមានការចរចារមកកាន់ក្រុមនៅឡើយទេ។

ប្រភព៖ besoccer