កីឡាករជើងខ្លាំងទម្ងន់ស្រាយ សុខ ធី ហៅ កាកា និងកីឡាករកម្ពុជា៣នាក់ទៀត ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអ្នកគ្រប់គ្រងកីឡាប្រចាំនៅសង្វៀន CNC ដាក់ឲ្យប្រកួតប្រជែងដណ្តើមពានអន្តរជាតិ «កំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI PALM» រដូវកាលទី៣ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ជាមួយអ្នកប្រយុទ្ធទាំង៤របស់ថៃ ហើយការប្រកួតនេះ នឹងចាប់ផ្តើម នៅម៉ោង ១១:០០ ថ្ងៃអាទិត្យនេះ។

បើតាមលោក ម៉ា ស៊ីថេត អនុប្រធានគ្រប់គ្រងកីឡារបស់ក្រុមហ៊ុន CBS នៃទូរទស្សន៍ CNC, CTN និង MyTV បានឲ្យដឹងថា សម្រាប់ការប្រកួតរដូវកាលទី៣នេះ CNC និង ISI PALM បានដាក់កីឡាករកម្ពុជា៤នាក់ មាន សុខ ធី, តាញ់ មករា (ធន់ មករា), ឡុង ជិន និង ឈុត សេរីវ៉ាន់ថង ឲ្យប្រកួតជម្រុះដណ្តើមពានអន្តរជាតិ ជាមួយអ្នកប្រដាល់ទាំង៤នាក់របស់ថៃ រួមមាន Kaophodam, Thnosiklek, Phitbonmi និង Photakvan។

ចំពោះរូបមន្តនៃការប្រកួត គឺត្រូវអនុវត្តដូចការប្រកួតរដូវកាលទី១ និងទី២ កន្លងមកនេះ គឺកីឡាករកម្ពុជាទាំង៤ ឈរនៅពូលA និងថៃ ឈរនៅពូលB ហើយពូលទាំង២ ត្រូវប្រកួតវិលជុំសន្សំពិន្ទុ ដើម្បីរកអ្នកបានពិន្ទុខ្ពស់ជាងគេ ចំនួន៤នាក់ ពោលអ្នកបានលេខ១ ដល់លេខ៤ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។

ចំណែកការប្រកួតបើកឆាក សប្តាហ៍ទី១ នៅថ្ងៃអាទិត្យនេះ ជើងខ្លាំង ឈុត សេរីវ៉ាន់ថង ត្រូវជួប កីឡាករវ័យ១៨ឆ្នាំ Phoutakvan ដែលមានកម្ពស់១,៧០ម៉ែត្រ ធ្លាប់ប្រកួតបាន៧១ ឈ្នះ៥១ ចាញ់១៥ ស្មើ៥ ហើយថៃម្នាក់នេះ ក៏ធ្លាប់ឈ្នះពិន្ទុ តាញ់ មករា ផងដែរ។ រីឯជើងខ្លាំង ឡុង ជិន ត្រូវប៉ះ កីឡាករវ័យ២៧ឆ្នាំ Phitbunmi ដែលមានកម្ពស់១,៦៨ម៉ែត្រ ធ្លាប់ប្រកួត១០០ដង ឈ្នះ៦២ ចាញ់៣២ និងស្មើ៦ដង។

ការវិលមកជួបគ្នារវាង ឡុង ជិន និង Phitbunmi ក៏បានក្លាយជាការប្រកួតសងសឹករបស់ថៃ មកដល់ ឡុង ជិន ផងដែរ ព្រោះ Phitbunmi ធ្លាប់មកប្រកួតនៅកម្ពុជាបាន១០ដងហើយ ដោយឈ្នះបានត្រឹម២ដង ស្មើ១ និងចាញ់៧ដង ហើយ៣ប្រកួតចុងក្រោយគេបានចាញ់ពិន្ទុ ឡុង ជិន មុននិងសន្លប់របស់ ឡុង ជិន នៅទឹកទី៣ ខណៈការជួបគ្នាលើកទី៣ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨នេះ Phitbunmi បានស្មើពិន្ទុជាមួយ ឡុង ជិន។

គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលម្ចាស់ឧបត្ថម្ភ ISI PALM សម្រេចដាក់ឲ្យប្រកួតក្នុងទម្ងន់ស្រាល៥៧គីឡូក្រាម ខណៈការប្រកួតរដូវកាលទី១ ប្រកួតក្នុងទម្ងន់៦៧គីឡូក្រាម ហើយ ឡៅ ចន្ទ្រា បានឈ្នះពិន្ទុ ពុទ្ធ ឆាយរិទ្ធី នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ពាន ឯថៃ Neungtrakan បានលេខ៣។ រីឯរដូវកាលទី២ ប្រកួតក្នុងទម្ងន់៦៥គីឡូក្រាម ហើយជាលទ្ធផល មឿន សុខហ៊ុច បានឈ្នះ កីឡាករកូនកាត់ថៃ-បារាំង Din Napho ទាំងលំបាក ដើម្បីឈ្នះពាន ឯលេខ៣បានទៅថៃ Kreangkrai៕