ក្រុមហង្សក្រហម Liverpool មិនបានស៊ុតចំគោលដៅសូម្បីតែ១ជើង កាលចាញ់ Napoli ១-០ នៅអ៊ីតាលី ក្នុងការប្រកួត UEFA Champions League កាលពាក់កណ្តាលសប្តាហ៍កន្លងទៅ ខណៈដែលតារាឆ្នើម Mohamed Salah ដែលពីមុនជាកំពូលខ្សែប្រយុទ្ធម្នាក់ តែងតែខ្សែការពារគ្រប់រូបខ្លាចរអារ ហាក់បានក្លាយជាខ្សែប្រយុទ្ធម្នាក់អស់សង្ឃឹម។

ក្រោយចប់ការប្រកួត Mohamed Salah ត្រូវបានអ្នកចាត់ការ Carlo Ancelotti របស់ក្រុម Napoli សុំអាវរបស់គេ ខណៈដែលពេលនោះគេឃើញថា កីឡាករជម្រើសជាតិអេហ្ស៊ីបរូបនេះ នៅតែបិទបង់របួសលើស្មាឆ្វេងរបស់គេ ដែលជារបួសចាស់ តាំងពី Sergio Ramos ធ្វើឲ្យរបួស កាលពីប្រកួតផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាលមុន។ យ៉ាងណាមិញ តាំងពីរបួសនោះមក Salah ហាក់ធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ទាំងនៅ World Cup 2018 ហើយរដូវកាលនេះ ១០ប្រកួត ទើបតែស៊ុតបាន ៣គ្រាប់ប៉ុណ្ណោះ ខណៈដែលរដូវកាលមុន រូបគេស៊ុតបានដល់ទៅ ៤៤គ្រាប់ ធ្វើឲ្យជាប់ជាបេក្ខភាព៣នាក់ចុងក្រោយជាមួយ Luka Modric និង Cristiano Ronaldo ក្នុងពានកីឡាករល្អបំផុតលើពិភពលោករបស់ FIFA ទៀតផង។

បើតាម The Sun យល់ថាទម្រង់លេងរបស់ Liverpool ពេលនេះ ហាក់ធ្លាក់ចុះនៅតំបន់ប្រយុទ្ធក្នុងប៉ុន្មានប្រកួតចុងក្រោយ ដូច្នេះអ្នកចាត់ការ Jurgen Klopp គួរសាកល្បងដក Salah ឲ្យបម្រុងសិន និងគួរផ្តល់ឱកាសដល់ខ្សែប្រយុទ្ធ Daniel Sturridge ដែលកំពុងបង្ហាញទម្រង់លេងយ៉ាងល្អ និងលេងដោយការស្រេកឃ្លានគ្រាប់បាល់៕