Manchester City ក្រុមម្ចាស់ជើងឯក Premier League នៅមិនដែលស្គាល់រសជាតិឈ្នះការប្រកួតក្រៅទឹកដី រយៈពេល ១៥ឆ្នាំលើក្រុមហង្សក្រហម Liverpool នៅឡើយទេ បន្ទាប់ពីបញ្ចប់ការប្រកួតរវាងក្រុមទាំងពីរកាលពីថ្ងៃអាទិត្យ ទី៧ ខែតុលា ឆ្នាំ២០១៨ គឺលទ្ធផល ០:០ ។ ខ្សែបម្រើអាល់ហ្សេរី ដែលក្រុម Man.City ទិញមកពីក្រុម Leicester City ក្នុងតម្លៃ ៦០លានផោន កីឡាករ Riyad Mahrez បានបាត់បង់ឱកាសដ៏ល្អ ក្រោយខកខានក្នុងការទាត់បាល់ពិន័យ ១១ម៉ែត្រមិនបានសម្រេចនៅនាទីទី៨៥ បន្ទាប់ពីខ្សែការពារ Virgil van Dijk បង្កកំហុសលើខ្សែប្រយុទ្ធ Leroy Sane។

Liverpool ក្រុមម្ចាស់ផ្ទះ និង Man.City ដែលជាក្រុមភ្ញៀវនៅមិនទាល់ស្គាល់ចាញ់បន្ទាប់ពីចាប់ផ្តើមរដូវកាលថ្មី ចំនួន ៨ដង ខណៈដែលក្រុម Manchester City ឈរនៅចំណាត់ថ្នាក់លេខ១ នៅពេលនេះ ព្រោះមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងក្រុម Chelsea និង Liverpool បើទោះបីពិន្ទុក្រុមទាំង ៣ស្មើគ្នា។

អតីតគ្រូបង្វឹក Dormund សញ្ជាតិអាឡឺម៉ង់លោក Klopp បច្ចុប្បន្នកំពុងដឹកនាំ Liverpool បាននិយាយថា: វាគឺជាការប្រកួតប្រជែងខ្លាំងណាស់ រៀងរាល់ពេលដែលត្រូ្វប្រឈមមុខនឹងក្រុម Manchester City។ ខ្ញុំបាននិយាយថា ការប្រកួតកាន់តែធំនិងខ្លាំងក្លាជាងមុនដូច្នេះខ្ញុំពិតជាសប្បាយចិត្តណាស់ ជាមួយនឹងអ្វីដែលក្រុមទទួលលទ្ធផលនៅពេលនេះបើទោះបីជាញឹកញាប់ពួកគេពិតជាមានភាពលេចធ្លោយ៉ាងណាក្តី។

លោក Maurizio Sarri គ្រូបង្វឹកក្រុមតោខៀវ Chelsea រំពឹងថាលោកខ្សែបម្រើ Ross Barkley នឹងក្លាយជាកីឡាករដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសបន្ទាប់ពីខ្សែបម្រើរូបនេះបានស៊ុតបាល់បញ្ចូលទី និងជួយឱ្យក្រុមតោខៀវផ្តួលក្រុមម្ចាស់ផ្ទះ Southampton ៣:0 កំលុងការប្រកួត Premier League កាលពីថ្ងៃអាទិត្យ ទី៧ ខែតុលា ឆ្នាំ២០១៨ នេះ។ Barkley បានបង្កើតកំណត់ត្រារបស់ Chelsea ជាមួយនឹងការបញ្ជូនបាល់យ៉ាងល្អ(Assist)ទៅអោយដៃគូគឺមិត្តរួមក្រុម Eden Hazard ដើម្បីរកបានគ្រាប់បាល់នាំមុខអោយក្រុមភ្ញៀវនៅតង់ទី១។

មុនពេលអតីតកីឡាករក្រុម Everton រកបានគ្រាប់បាល់ទីពីរបន្ទាប់ពីកាបញ្ចូនបាល់ដោយការហក់ទាត់ជើងឆ្វេងចូលរបស់ កីឡាករ Olivier Giroud (វាជាគ្រាប់បាល់ទី១ របស់ Barkley គិតចាប់តាំពីចូលលេងអោយ Chelsea នាខែឧសភា ២០១៧កន្លងមក)។កីឡាករអន្តរជាតិអេស្បាញ Morata បន្ថែមគ្រាប់បាល់ទី៣ នៅម៉ោងបន្ថែមនាទីទី(៩០+៣) ដើម្បីបញ្ចប់ការប្រកួត Southampton 0:៣ Chelsea។

Barkley បានក្លាយជាកីឡាករអង់គ្លេសដំបូងគេដែលស៊ុតបញ្ចូលទីនិងជួយក្នុងការប្រកួតក្របខ័ណ្ឌ Premier League សម្រាប់ Chelsea ចាប់តាំងពីអវត្តមានរបស់កីឡាករ Frank Lampard នៅក្នុងខែធ្នូឆ្នាំ ២០១៣។ អតីតគ្រូបង្វឹក Napoli សញ្ជាតិអ៊ីតាលីលោក Sarri បាននិយាយអំពី Barkley ថា: ថ្ងៃនេះគាត់លេងបានយ៉ាងល្អ ខ្ញុំពិតជារីករាយជាមួយនឹងទម្រង់លេងរបស់គេ ពីព្រោះចាប់តាំងពីការចាប់ផ្តើម Barkley បានប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ និង ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍។ ក្រុម Chelsea បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីក្រុម Man.City និង Liverpool បញ្ចប់លទ្ធផល ០:0 ខណៈក្រុម Southampton មានលេខរៀងទី១៦ និងមិនដែលស្គាល់ឈ្នះ ៤ប្រកួត ចុងក្រោយនៅលីកកំពូលអង់គ្លេស។

ប្រភព៖ BBC