ខ្សែ​ប្រយុទ្ធ Paco Alcacer ក្នុង​ថ្ងៃ​នេះ បាន​បង្ហើប​ពី​មូលហេតុ​ដែល​ខ្លួន​ចាក​ចេញ​ពី Barcelona ដើម្បី​ចូល​រួម​ជាមួយ Borrussia Dortmund ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ Alcacer បាន​និយាយ​ត្រង់ៗ​ថា ខ្លួន​ចាក​ចេញ​ពី Barcelona ព្រោះ​ខ្លួន​ចង់​ពេល​វេលា​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត និង​មាន​អារម្មណ៍​សប្បាយ​រីក​រាយ។ កីឡាករ​អេស្ប៉ាញ បាន​បញ្ជាក់​ថា នៅ​ Barcelona ខ្លួន​មិន​មាន​តួ​នាទី​បង្គោល​ឡើយ​នៅ​ក្នុង​ក្លឹប។ ម្យ៉ាង​ទៀត​ វត្តមាន​របស់​កីឡាករ Luis Suarez, Lionel Messi និង Ousmane Dembele ជា​ដើម ត្រូវ​បាន Alcacer មើល​ឃើញ​ថា ធ្វើ​ឲ្យ​ឱកាស​ដែល​ខ្លួន​បាន​ចូល​លេង​មាន​លក្ខណៈ​ពិបាក​ និង​ស្មុគស្មាញ។

ក្រោយ​ពី​បង្ហើប​ពី​មូល​ហេតុ​ដែល​ខ្លួន​ចាក​ចេញ​ពី Barcelona ខ្សែ​ប្រយុទ្ធ Paco Alcacer បាន​បក​មក​និយាយ​លើក​សរសើរ​មិត្ត​រួម​ក្រុម​នៅ​ក្លឹប Dortmund ក្នុង​ការ​ជួយ​ខ្លួន​ឲ្យ​សម្រប​បាន​ស្រួល​នៅ​ក្លឹប​អាល្លឺម៉ង់។

សូម​បញ្ជាក់​ផង​ដែរ​ថា Alcacer បាន​ចាក​ចេញ​ពី Valencia មក​ចូល​រួម​ជាមួយ Barcelona កាល​ពី​ឆ្នាំ ២០១៦។ ក្នុង​អំឡុង​ពេល​ជាង ២ ឆ្នាំ​នៅ​ក្លឹប កីឡាករ​លេង​បាន​ត្រឹម ៥០ ប្រកួត (ភាគ​ច្រើន​ជា​កីឡាករ​បម្រុង) និង​ស៊ុត​ចូល​បាន ១៥ គ្រាប់។

កាល​ពី​ចុង​ខែ​សីហា ២០១៨ កីឡាករ​អេស្ប៉ាញ​បាន​ទៅ​ចូល​រួម​ជាមួយ Dortmund ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​រយៈ​ពេល ១ រដូវ​កាល ជាមួយ​នឹង​លក្ខខណ្ឌ​ដែល​ក្លឹប​អាល្លឺម៉ង់​អាច​ទិញ​ដាច់​នៅ​រដូវ​កាល​ក្រោយ។ តាំង​ពី​ចូល​លេង​ឲ្យ​ក្លឹប​ Dortmund កីឡាករ​បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ។ គិត​មក​ទល់​ពេល​នេះ Alcacer ស៊ុត​ចូល ៧ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៤ លើក៕