Aston Villa បានតែងតាំងលោក Dean Smith ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ខណៈដែលខ្សែការពារ John Terry បានយល់ព្រមទទួលការងារជាជំនួយការគ្រូបង្វឹក ១ថ្ងៃបន្ទាប់ពីរូបគេប្រកាសចូលនិវត្តន៏ពីកីឡាបាល់ទាត់។ លោក Smith ត្រូវបានប្រកាសបញ្ជាក់ជាផ្លូវការកាលពីថ្ងៃអាទិត្យថាក្លឹប Villa បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ អតីតគ្រូបង្វឹក Brentford វ័យ ៤៧ឆ្នាំរូបនេះ។

ក្រុម Aston Villa បានបណ្តេញលោក Steve Bruce កាលពីថ្ងៃទី៣ តុលា ២០១៨ ពោលគឺពីសប្តាហ៍មុន បន្ទាប់ពីលទ្ធផលនៃការបរាជ័យដ៏លំបាកដែលដឹកនាំក្លឹបឈ្នះ ១ប្រកួតក្នុងចំណោម ៩ប្រកួតចុងក្រោយ។ យ៉ាងណាមិញក្រុមបានធ្វើការប្រមើលមើលរកគ្រូបង្វឹកថ្មីមកជំនួសភ្លាមៗខណៈ វីរបុរសក្រុមកាំភ្លើងធំ Arsenal កីឡាករ Thierry Henry និង Rui Faria អតីតជំនួយការលោក Jose Mourinho ក៏មានឈ្មោះក្នុងនាមបេក្ខភាពមកដឹកនាំក្លឹបផងដែរ។ ក្រោយធ្លាក់ទៅលេងនៅក្របខណ្ឌលំដាប់ទី២ កាលពីឆ្នាំ២០១៦ ក្រុមបានតស៊ូដើម្បីឡើងមកលេងនៅក្របខណ្ឌ Premier League វិញ ប៉ុន្តែរដូវកាលមុនបានជួបរឿងខកចិត្ត ដោយចាញ់ក្រុម Fulham នៅវគ្គ Play-off។

លោក Smith ដែលជាអ្នកគាំទ្រក្លឹបជារឿងរហូតស្ទើរពេញមួយជីវិតនោះ បានក្លាយជាបេក្ខភាពប្រជែងឈានមុខគេមានឈ្មោះនៅក្នុងបញ្ជីរបស់ក្រុម AstonVilla ហើយការចរចារបានរីកចម្រើនយ៉ាងរលូននៅក្នុងវគ្គហ្វឹកហាត់កាលពីថ្ងៃពុធ។ លោក Christian Purslow ដែលជានាយកប្រតិបត្តិថ្មីរបស់ក្លឹបបានដឹកនាំដំណើរការសំភាសន៍ហើយការតែងតាំងលោក Smith ក៏ មានការគាំទ្រយ៉ាងពេញទំហឹងពីម្ចាស់ក្លឹបគឺ Nassef Sawiris និង Wes Edens ផងដែរ។

ប្រភព៖ BBC