Cristiano Ronaldo បានបញ្ជាក់ម្តងទៀតកាលពីថ្ងៃពុធថា រូបគេមិនបានរំលោភស្ត្រីម្នាក់ដែលរូបគេបានជួបក្នុងសណ្ឋាគារមួយកន្លែងនៅទីក្រុង Las Vegas កាលពីឆ្នាំ២០០៩ ឡើយ ហើយថា ករណីរួមភេទរបស់ពួកគេគឺជា «ស្ម័គ្រចិត្តទាំងសងខាងទាំងស្រុង»។ នេះបើយោងទៅតាមការបញ្ជាក់របស់មេធាវីរបស់គេ។

លោក Peter Christiansen មេធាវីរបស់តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់នៃក្លិប Juventus រូបនេះ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយតាមរយៈ Gestifute ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើការងាររបស់ Ronaldo ថា៖ «Ronaldo ត្រូវបានបង្ខំឲ្យចេញមុខបកស្រាយ»។ លោកបានបន្ថែមទៀតថា៖ «ជាថ្មីម្តងទៀត ដើម្បីជៀសផុតពីការសង្ស័យនានា ជំហរបស់ Cristiano Ronaldo គឺមានភាពច្បាស់លាស់ថា អ្វីដែលបានកើតឡើងកាលពីឆ្នាំ២០០៩ ក្នុងទីក្រុង Las Vegas ជាការព្រមព្រៀងគ្នាទាំងស្រុង»។

មន្ត្រីប៉ូលិសនៅ Las Vegas បានប្រកាសកាលពីសប្តាហ៍មុនថា ពួកគេកំពុងតែបើកការស៊ើបអង្កេតជាថ្មីមួយទៅលើការចោទប្រកាន់ផ្សេងៗដែលត្រូវបានធ្វើឡើងដោយអតីតតារាបង្ហាញម៉ូដម្នាក់គឺនាង Kathryn Mayorga ទាក់ទងនឹងឧប្បត្តិហេតុមួយកាលពីឆ្នាំ២០០៩។ Ronaldo បានប្រានចោលទាំងស្រុងទៅលើការចោទប្រកាន់ទៅលើករណីរំលោភ។ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំច្រានចោលទាំងស្រុងទៅលើការចោទប្រកាន់ផ្សេងៗដែលប្រឆាំងនឹងរូបខ្ញុំ។ ការរំលោភគឺជាបទឧក្រិដ្ឋដ៏គួរឲ្យស្អប់ខ្ពើម ដែលប្រឆាំងនឹងអ្វីៗដែលខ្ញុំជឿជាក់»៕

ប្រភព៖ Channel News Asia