នៅពេលចាប់ផ្តើមរដូវកាល ២០១៨-២០១៩ នេះមានអ្នកចាត់ការទូទៅឆ្នើមដែលធ្លាប់ដឹកនាំក្រុមជោគជ័យនាពេលកន្លងមក ស្ថិតនៅក្នុងភាពទំនេរមិនមានក្រុមដឹកនាំ។ មានមូលហេតុផ្សេងៗគ្នាក្នុងចំណោមពួកគេទាំងនេះ ដែលមកដល់ពេលនេះ មិនមានការងារសម្រាប់បំពេញ។

ខាងក្រោមនេះជាគ្រូបង្វឹក ១០រូបដែលធ្លាប់មានភាពល្បីល្បាញក្នុងនាមជាកីឡាករ និងឆ្លងកាត់ការដឹកនាំក្រុមបានជាច្រើនឆ្នាំព្រមទាំងធ្លាប់សាងភាពល្បីល្បាញនាពេលកន្លងមកផងដែរ:

១. Antonio Conte

រដូវកាលដំបូងគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានជួយ Chelsea ក្រុមលើកពាន Premier League ហើយគាត់ក៏ជាបុរសទី១ ដែលធ្លាប់ឈ្នះពានរង្វាន់ជាគ្រូបង្វឹកឆ្នើម ៣ខែ ជាប់ៗគ្នា(Manager of the months award) ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីបរាជ័យក្នុងការការពារតំណែងជើងឯក Premier League រដូវកាល ២០១៧-២០១៨ និងបាត់បង់កៅអីក្នុងក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនគាត់ត្រូវបានបញ្ចប់តួនាទីបើទោះបីជាបានជួយក្រុមលើកពាន FA Cup នារដូវកាលមុនយ៉ាងណាក៏ដោយ។

២. Zinedine Zidane

អ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះបានជួយក្រុមអធិរាជស Real Madrid ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League បីលើកជាប់ៗគ្នាមុនពេលសម្រេចចិត្តចាកចេញពី Real Madrid។ បច្ចុប្បន្នវីរបុរសក្រុមជម្រើសជាតិបារាំងរូបនេះមិនមានក្លឹបដឹកនាំ ប៉ុន្តែក្នុងចំណោមគោលដៅបន្ទាប់គាត់អាចនិងមកចូលរួមជាមួយក្លឹប Manchester United។

៣. Laurent Blanc

គាត់បានឈ្នះពានរង្វាន់ ១១ក្របខណ្ឌ ជាមួយ PSG ប៉ុន្តែការបរាជ័យរបស់គាត់ក្នុងការ ទទួលបានជោគជ័យនៅអ៊ឺរ៉ុប និងធ្វើឱ្យគាត់បាត់បង់ឪកាសគ្រប់គ្រងក្រុមគិតចាប់តាំងពីឆ្នាំ២០១៦ មក ខណៈដែលអតីតខ្សែការពារក្រុមមាន់គកបារាំង និង Man.United រូបនេះ មិនធ្លាប់ដឹកនាំក្លឹបនៅក្រៅពីស្រុកកំណើតនោះដែរ។

៤. Arsene Wenger

អតីតអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal រូបនេះបានចាកចេញពីក្លឹបបន្ទាប់ពីបានកាន់តំណែងអស់រយៈពេល 22ឆ្នាំមកហើយ និងមានក្លឹប PSG ព្រមទាំង Bayern Munich ជាដើមដែលមានពត៌មានបានចុះផ្សាយថា ចង់បានអ្នកចាត់ការទូទៅ ដ៏មានបទពិសោធន៏រូបនេះមកដឹកនាំក្រុមនោះ។

៥. Pepe Mel

អ្នកចាត់ការទូទៅវ័យ ៥៥ឆ្នាំសញ្ជាតិអេស្បាញរូបនេះ បានជួយសង្គ្រោះ Real Deportivo ពីការកាត់ចោលទៅលេនៅក្របខណ្ឌលំដាប់ទី២ ប៉ុន្តែក្រោយដឹកនាំក្រុមបង្ហាញទម្រង់លេងមិនល្អរបស់ពួកគេនៅដើមរដូវកាល ២០១៧-២០១៨ ក្រុមបានបញ្ចប់កិច្ចសន្យារបស់ Mel ខណៈដែលក្លឹប Deportivo ត្រូវបានកាត់ចោលក្នុងរដូវកាលនោះផងដែរ។

៦. Vincenzo Montella

ចូលមកដឹកនាំក្រុមដំបូងជាមួយ Sevilla អតីតគ្រូបង្វឹក AC.Milan ខ្សែប្រយុទ្ធក្រុម Roma និងជម្រើសជាតិអ៊ីតាលី Montella ឈានដល់វគ្គមួយភាគបួននៃក្របខ័ណ្ឌ Champions League ប៉ុន្តែទម្រង់លេងមិនល្អរបស់ក្រុមនៅលីគកំពូល La liga ក្រុមបានសម្រេចចិត្តចែកផ្លូវជាមួយលោក Montella។

៧. Paco Jémez

លោក Jemez មិនអាចជួយឱ្យក្រុម Las Palmas ធ្លាក់ចេញពីតំបន់កាត់ចោលឡើយហើយរូបគេបានចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាល ២០១៧-២០១៨។

៨. Peter Bosz

បន្ទាប់ពីដឹកនាំក្រុមមិនដែលឈ្នះប្រាំបីដងជាប់ៗគ្នា អតីតគ្រូបង្វឹកក្រុម Ajax វ័យ ៥៤ឆ្នាំសញ្ជាតិហូឡង់ Bosz ត្រូវបានបណ្តេញចេញដោយក្រុម Borussia Dortmund ក្រោយចូលមកដឹកនាំក្រុមរយៈពេលប្រាំមួយខែរួចមក។

៩. Claudio Ranieri

បន្ទាប់ពីបានឈ្នះក្របខ័ណ្ឌ Premier League ជាមួយនឹង Leicester Ranieri ប៉ុន្តែក្រោយចាប់ផ្តើមរដូវកាល មិនល្អ ២០១៦-២០១៧ លោក Ranieri ត្រូវបានក្លឹបបញ្ចប់តួនាទី។ ក្រោយចូលដឹកនាំក្រុម Nantes ឈរនៅលេខរៀងទី៥ នៅ Ligue ១ ក្នុងឆ្នាំ ២០១៧-២០១៨ អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរូបនេះមិនទាន់រកក្លឹបបានដឹកនាំនៅរដូវកាលថ្មីនេះទេ។

១០. Quique Sánchez Flores

បើទោះបីធ្លាប់បានឈ្នះពាន Europa League ជាមួយ Atletico.Madrid ក៏ដោយប៉ុន្តែអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញរូបនេះមិនបានរកក្លិបថ្មីឡើយទេចាប់តាំងពីចាកចេញពីក្លិប Espanyol នៅចុងបញ្ចប់រដូវកាលមុនមក។

ប្រភព៖ besoccer