រយៈពេល ២ថ្ងៃ ក្រោយពីការរងបរាជ័យដ៏អាម៉ាសនាពេលថ្មីៗនេះ លោក Joachim Loew គ្រូបង្វឹកនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ហាក់ដូចជាបានត្រៀមខ្លួនរួចរាល់ ខណៈដែលលោកបានជួបជាមួយនឹងក្រុមបណ្តាញសារព័ត៌មានកាលពីថ្ងៃចន្ទ នៅមុនពេលការប្រកួតជាមួយនឹងក្រុមជម្រើសជាតិបារាំង។

នៅមុនពេលការប្រកួតក្នុងយុទ្ធនាការ Nations League ជាមួយនឹងក្រុមម្ចាស់ជើងឯកពិភពលោក នាកីឡដ្ឋាន Stade de France នៅរាត្រីនេះ លោក Loew បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ខ្ញុំអាចដោះស្រាយចំពោះការរិះគន់បានយ៉ាងល្អ»។ ក្រោយពីក្រុមរបស់ខ្លួនបានរងបរាជ័យក្នុងលទ្ធផល ៣-០ ក្រោមស្នាដៃក្រុមជម្រើសជាតិហូឡង់ កាលពីថ្ងៃសៅរ៍ លោក Loew ហាក់ដូចជាមានការខឹងសម្បា និងស្មុគស្មាញ ខណៈដែលលោកបានបដិសេធក្នុងការឆ្លើយសំណួរផ្សេងៗពីក្រុមបណ្តាញសារព័ត៌អាល្លឺម៉ង់ ជុំវិញអនាគតរបស់លោក។ ការបរាជ័យនោះ បានធ្វើឲ្យអាល្លឺម៉ង់ ស្ថិតនៅបាតតារាងនៃពូលក្នុងការប្រកួត Nations League របស់ពួកគេ ដែលនាំឲ្យមានសំណួរជាច្រើនថា លោកគួរតែរក្សាការងាររបស់លោក ក្រោយពីការធ្លាក់ចេញយ៉ាងអាម៉ាសក្នុងព្រឹត្តិការណ៍ World Cup ឬយ៉ាងណា។

លោក Loew បានឲ្យដឹងកាលពីថ្ងៃចន្ទថា៖ «ពិតណាស់ ការបរាជ័យនៅហូឡង់ បានផ្តល់នូវការខកចិត្តយ៉ាងខ្លាំងចំពោះបុគ្គលិក កីឡាករ និងអ្នកគាំទ្រជាច្រើន។ វាពិតជាមិនផ្តល់នូវការភ្ញាក់ផ្អើលខ្លាំងដល់ខ្ញុំឡើយ។ ក្រោយពី World Cup វាគឺជាដំណើរការមួយដែលយើងត្រូវតែគ្រប់គ្រង។ មានការខកចិត្ត ឬការបរាជ័យជាច្រើន។ ខ្ញុំក៏មិនភ្ញាក់ផ្អើលលើករណីនេះឡើយ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាជារឿងធម្មតាសម្រាប់ខ្ញុំក្នុងការរងនូវការរិះគន់ ប៉ុន្តែ ខ្ញុំអាចដោះស្រាយការរិះគន់បានយ៉ាងល្អ។ វាច្បាស់ណាស់ថាយើងត្រូវតែរក្សាស្ថិតក្នុងការសាមគ្គីគ្នា»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

ប្រភព៖ Channel News Asia
Joachim Loew ថា លោកអាចដោះស្រាយការរិះគន់បាន ពេលអាល្លឺម៉ង់ ទៅជួប បារាំង រាត្រីនេះ
អត្ថបទទាក់ទង
