អតីតខ្សែប្រយុទ្ធជើងចាស់អន្តរជាតិអ៊ីតាលីលោក Antonio Cassano បានប្រកាសចូលនិវត្តន៍ពីកីឡាបាល់ទាត់បន្ទាប់ពីចូលរួមជាមួយក្រុម Virtus Entella របស់ក្របខ័ណ្ឌលីកលំដាប់ទី៣ របស់អ៊ីតាលី Serie C រយៈពេល ១សប្តាហ៏រួចមក។

នេះមិនមែនជាលើកទីមួយទេដែលអតីតកីឡាករក្រុម Roma, Real Madrid, Samdoria, Inter Milan, AC.Milan មានវ័យ ៣៦ឆ្នាំបានសំរេចចិត្តព្យួរស្បែកជើងចូលនិវត្តន៏ជាលើកទី៣។ Cassano បានបង្ហាញខ្លួនសម្រាប់ក្រុម Sampdoria ចុងក្រោយ បង្អស់ផងដែរនៅឆ្នាំ២០១៦ ខែឧសភា ស្របពេលដែលក្នុងខែកក្កដា ២០១៧ឆ្នាំមុនរូបគេបានសម្រេចចិត្តចូលនិវត្តន៍ជាលើកទី២ រួចក្រោយបង្ហាញខ្លួនអោយក្រុម Verona និងមិនមានក្លឹបសម្រាប់លេង។

Cassano ធ្លាប់បង្ហាញខ្លួនអោយក្រុមជម្រើសជាតិអ៊ីតាលីបាន ៣៩ប្រកួត បានយល់ព្រមហ្វឹកហាត់ជាមួយ Entella ដោយមិនចុះកិច្ចសន្យា ប៉ុន្តែកីឡាករមានល្អិតមានល្បឿនរត់លឿនរូបនេះ បានបង្ហាញពីការសម្រេចចិត្ត លុបចោលគម្រោងចូលលេងអោយក្រុមជាផ្លូវការណ៏វិញ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះផ្សាយដោយអ្នកសារព័ត៌មាន Pierluigi Pardo បានដកស្រង់សម្តី Cassano ថា: ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនៃការហ្វឹកហាត់ខ្ញុំជាមួយក្លឹបថ្មីខ្ញុំលែងមានអារម្មណ៏ និងកំលាំងចិត្តដើម្បីបន្តលេងបាល់ទាត់ទៀតឡើយ។ ដើម្បីលេងបាល់ទាត់អ្នកត្រូវការ ចំណង់ចំណូលចិត្តនិងទេពកោសល្យវាសំខាន់ជាងការប្តេជ្ញាចិត្តទាំងអស់ ដូច្នេះខ្ញុំសម្រេចចិត្តជ្រើសរើសដូច្នេះ។
ប្រភព៖ squawka