ក្លិប Barcelona មានគម្រោងធ្វើដំណើរទស្សនកិច្ចក្នុងប្រទេសចិន និងជប៉ុន ក្នុងផ្នែកមួយនៃដំណើរប្រកួតមុនបើករដូវកាលមកកាន់ទឹកដីអាស៊ី នៅរដូវក្តៅក្រោយ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបកាលពីថ្ងៃអង្គារ។

ក្រោយពីការធ្វើដំណើរអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នាទៅកាន់ទឹកដីសហរដ្ឋអាមេរិក សម្រាប់យុទ្ធនាការពាន International Champions Cup ក្រុម Barca នឹងវិលទៅកាន់ទ្វីបអាស៊ីវិញជាលើកទី១ បើគិតចាប់តាំងពីប្រកួតមិត្តភាពមួយក្នុងប្រទេសកាតា កាលពីខែធ្នូ ឆ្នាំ២០១៦។ ដំណើរប្រកួតនេះ អាចនឹងនាំឲ្យមានការជួបជុំគ្នាមួយជាមួយនឹងខ្សែបម្រើ Andres Iniesta ដែលបានចូលរួមជាមួយនឹងក្លិបជប៉ុន Vissel Kobe កាលពីខែឧសភា ក្រោយពីលេងឲ្យក្លិប Barcelona រយៈពេល២២ឆ្នាំ។

ខ្សែប្រយុទ្ធ Fernando Torres ក៏បានចាកចេញពីក្របខ័ណ្ឌ La Liga កាលពីរដូវក្តៅមុនទៅកាន់ក្របខ័ណ្ឌ J-League ផងដែរ តាមរយៈការលេងឲ្យក្លិប Sagan Tosu។ ក្លិបបានសរសេរនៅលើសេចក្តីថ្លែងការណ៍មួយថា៖ «Barca នឹងធ្វើដំណើរទៅកាន់ទ្វីបអាស៊ីនៅរដូវក្តៅក្រោយ ដើម្បីខិតកាន់តែក្បែរអ្នកគាំទ្រក្នុងស្រុក និងដៃគូនានា និងមានគម្រោងធ្វើដំណើរទៅទស្សនកិច្ចក្នុងប្រទេសចិន និងជប៉ុន អំឡុងពេលការប្រកួតមុនបើករដូវកាល ក្នុងនាមជាផ្នែកមួយនៃការពង្រីកខ្លួនទូទាំងពិភពលោក និងយុទ្ធសាស្ត្រអភិវឌ្ឍ»។ Barcelona បានបន្ថែមទៀតថា៖ «កីឡាបាល់ទត់កំពុងតែមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងប្រទេសដូចជាចិន និងជប៉ុន ដែលជាកន្លែងក្លិបនេះ មិនត្រឹមតែចង់អភិវឌ្ឍផ្នែកពាណិជ្ជកម្មប៉ុណ្ណោះ ប៉ុន្តែថែមទាំងរក្សា និងបង្កើនអ្នកគាំទ្រផងដែរ»៕

ប្រភព៖ Channel News Asia