ខ្សែប្រយុទ្ធ Sadio Mane របស់ក្លិប Liverpool បានទទួលការវះកាត់ប្រអប់ដៃ ដែលបានរងរបួសក្នុងពេលបំពេញការតព្វកិច្ចអន្តរជាតិ ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃពុធ។

Mane បានអវត្តមានក្នុងពេលក្រុមជម្រើសជាតិសេណេហ្គាល់ បានយកឈ្នះលើក្រុមជម្រើសជាតិស៊ូដង់ ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអង្គារ ក្នុងការប្រកួតជម្រុះនៃយុទ្ធនាការ African Nations Cup និងបានចូលរួមក្នុងបញ្ជីរបួសកីឡាកររបស់ក្លិប Liverpool នៅមុនពេលការប្រកួតលើទឹកក្រុម Huddersfield Town នៅថ្ងៃសៅរ៍ សប្តាហ៍នេះ។ ក្លិប Liverpool បានឲ្យដឹងថា៖ «ក្លិបកីឡាបាល់ទាត់ Liverpool អាចប្រកាសថា Sadio Mane នៅថ្ងៃនេះ បានទទួលនូវការវះកាត់ទៅលើប្រអប់ដៃរបស់គេ ដែលបានរងរបួសក្នុងពេលបំពេញការតព្វកិច្ចអន្តរជាតិជាមួយនឹងក្រុមសេណេហ្គាល់»។ ក្លិបបានបន្ថែមទៀតថា៖ «ការវះកាត់នេះ ដែលត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យមួយ និងត្រូវបានគ្រប់គ្រងដោយក្រុមវេជ្ជបណ្ឌិតរបស់ក្លិប បានទទួលជោគជ័យ។ ពេលវេលានៃការជាសះស្បើយពីរបួសរបស់ Mane ត្រូវត្រួតពិនិត្យក្នុងរយៈពេល២ថ្ងៃទៀត»។

ខ្សែបម្រើ Naby Keita របស់ក្លិប Liverpool បានរងួសសាច់ដុំ ក្នុងពេលក្រុមជម្រើសជាតិហ្គីណេ បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិរ៉វ៉ាន់ដា កាលពីថ្ងៃអង្គារ ស្របពេលដែលខ្សែប្រយុទ្ធ Mohamed Salah ត្រូវបានប្តូរចេញដោយសារតែរបួសសរសៃពួរគន្លាក់ជើង នៅពេលដែលអេហ្ស៊ីប បានផ្តួលក្រុមអេស្វាទីនី ៤-១ ក្នុងទីក្រុង Cairo កាលពីថ្ងៃសុក្រ។ ស្របពេលជាមួយគ្នានេះខ្សែការពារ Virgil van Dijk បានដកខ្លួនចេញពីក្រុមជម្រើសជាតិហូឡង់ ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងបែលហ្ស៊ិក ខណៈដែលរូបគេនៅតែមានអារម្មណ៍ថា នៅតែមានឥទ្ធិពលដោយសារតែរបួសឆ្អឹងជំនីរ៕

ប្រភព៖ Channel News Asia
កីឡាករឆ្នើម Sadio Mane របស់ Liverpool ទទួលការវះកាត់ប្រអប់ដៃ
អត្ថបទទាក់ទង
