ខ្សែប្រយុទ្ធ Cristiano Ronaldo បានអបអរការវិលត្រឡប់របស់គេទៅកាន់កីឡដ្ឋាន Old Trafford ជាមួយនឹងជ័យជម្នះមួយ ខណៈដែលក្រុម Juventus បានផ្តួលក្រុម Manchester United ១-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ស្របពេលដែលក្រុមស្ថិតក្រោមសម្ពាធ Real Madrid បានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ។


អនាគតរបស់លោក Julen Lopetegui ក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Real Madrid ហាក់នៅតែមានភាពមិនច្បាស់ បើទោះបីក្រុមម្ចាស់ការពារតំណែងជើងឯករបស់ទ្វីបអឺរ៉ុបមួយនេះ បានផ្តួលក្រុម Viktoria Plzen នៅរាត្រីមួយដែលទាំងក្រុម Bayern Munich និង Manchester City បានទទួលជ័យជម្នះនៅក្រៅដីដូចគ្នា។

ក្រុម Man United របស់លោក Jose Mourinho ដណ្តើមបានជ័យជម្នះត្រឹមតែ ១លើកគត់ក្នុងចំណោមការប្រកួត​ ៧លើកចុងក្រោយ ក្រោយពីពួកគេបានរងបរាជ័យនៅពេលប្រកួតជាមួយនឹងក្រុម Juventus។ ក្រោយពីបានប្រឈមមុខនឹងសំណួរដ៏មិនរីករាយផ្សេងៗនៅមុនពេលការប្រកួតជុំវិញការចោទប្រកាន់លើករណីរំលោភប្រឆាំងនឹងរូបគេនៅសហរដ្ឋអាមេរិក Ronaldo បានដើរតួនាទីដ៏សំខាន់នៅលើទីលានសម្រាប់ក្រុម Juventus តាមរយៈការជួយឲ្យ Paulo Dybala រកបានគ្រាប់បាល់នៅនាទីទី១៧។

តំណែងរបស់លោក Lopetegui ក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Real នៅតែស្ថិតក្នុងភាពផុយស្រួច បើទោះបីក្រុមរបស់លោកដណ្តើមបានជ័យជម្នះជាលើកទី១ ក្នុងការប្រកួត៦លើក តាមរយៈការផ្តួលក្រុម Viktoria Plzen ក្នុងលទ្ធផល ២-១ នាកីឡដ្ឋាន Santiago Bernabeu ក៏ដោយ៕

កែសម្រួលដោយ៖ Cambosport