ប្រធានក្លឹប Napoli លោក Aurelio De Laurentiisក្នុងថ្ងៃនេះ បាននិយាយថា Napoli ត្រៀមទទួល Edinson Cavani ជានិច្ច បើសិនជាកីឡាករអ៊ុយរុយហ្គាយវ័យ ៣១ ឆ្នាំ ព្រមកាត់បន្ថយប្រាក់ឈ្នួល ដើម្បីត្រលប់មកចូលរួមជាមួយក្លឹប។
ប្រធានក្លឹប Napoli លោក Aurelio De Laurentiis
លោក Laurentiis បាននិយាយប្រាប់សារព័ត៌មាន Le Parisien ថា៖ “Cavani គឺជាកីឡាករដ៏អស្ចារ្យ។ គេស៊ុតចូលមិនតិចជាង ៣០ គ្រាប់ទេក្នុងមួយឆ្នាំៗ នៅពេលគេលេងឲ្យយើង។ អ្វីៗទាំងអស់ពឹងផ្អែកលើគេនោះទេ។ ទ្វារក្លឹប គឺបើកចំហជានិច្ចសម្រាប់ Cavani”។
ប្រធានក្លឹបអ៊ីតាលី បានបន្តទៀតថា អ្វីដែលសំខាន់គឺអាស្រ័យលើចិត្តរបស់ Cavani ថាចង់ត្រលប់មកលេងឲ្យ Napoli ហើយព្រមបន្ថយទំហំប្រាក់ឈ្នួលឬអត់។ កាលណាមានកត្តាពីរនេះហើយ លោកថាក្លឹបអ៊ីតាលីនឹងចរចាជាមួយថ្នាក់ដឹកនាំ PSG រឿងផ្ទេរ។
សូមបញ្ជាក់ផងដែរថា Cavani បានលេងឲ្យក្លឹប Napoli ពីឆ្នាំ ២០១០ ដល់ ២០១៣ មុនចាកចេញទៅចូលរួមជាមួយ PSG នៅបារាំង។ ក្នុងអំឡុងពេលនោះ កីឡាករលេងបាន ១៣៨ ប្រកួត និងស៊ុតចូល ១០៤ គ្រាប់។
ដោយឡែក នៅពេលលេងឲ្យ PSG កីឡាករអ៊ុយរុយហ្គាយនៅតែបន្តបង្ហាញទម្រង់ល្អគួរឲ្យកត់សម្គាល់។ គិតមកទល់ពេលនេះ កីឡាករស៊ុតចូលសរុប ១៧៦ គ្រាប់ក្នុងការបង្ហាញខ្លួន ២៥២ លើកឲ្យក្លឹបបារាំង។
PSG នឹងត្រូវប៉ះជាមួយ Napoli ក្នុងជំនួប Champions League នៅវេលាម៉ោង ២ រំលងអាធ្រាត្រយប់នេះ៕
Via :news.sabay