ក្រុម Barcelona បានជម្នះទៅលើការអវត្តមានរបស់ខ្សែប្រយុទ្ធ Lionel Messi ដើម្បីផ្តួលក្រុម Inter Milan ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ស្របពេលដែលក្រុម Borussia Dortmund បានបង្ហាញពីសាច់ដុំរបស់ខ្លួនតាមរយៈការផ្តួលក្រុម Atletico Madrid យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០។ ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Mohamed Salah បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ខណៈដែលក្រុម Liverpool បានយកឈ្នះលើក្រុម Red Star Belgrade ប៉ុន្តែ ក្រុម Paris Saint-Germain ត្រូវការគ្រាប់បាល់តាមស្មើនៅជិតបញ្ចប់ការប្រកួតពីសំណាក់ Angel Di Maria ដើម្បីដណ្តើមបាន ១ពិន្ទុនៅលើទឹកដីខ្លួនឯង ពេលប្រកួតជាមួយនឹងក្រុម Napoli។

Barca បានកត់ត្រាជ័យជម្នះជាលើកទី៣ពីការប្រកួត៣លើកនៃពូល B ខណៈដែលក្រុម Rafinha ដែលជាចូលជំនួសកន្លែងរបស់ Messi ក្រោយពីតារាឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះ បានបាក់ឆ្អឹងដៃរបស់គេ កាលពីចុងសប្តាហ៍មុន បានរកគ្រាប់បាល់បើកឆាក នៅនាទីទី៣២ នៅកីឡដ្ឋាន Camp Nou។ ខ្សែបម្រើ Philippe Coutinho បានស៊ុតបាល់រំលោងរបារទី ក្នុងតង់ទី២ នៅមុនពេលកីឡាករ Jordi Alba បានបំពេញការទទួលបាន ៣ពិន្ទុពេញសម្រាប់ក្រុមខ្លួននៅរយៈពេល ៧នាទីចុងក្រោយ ដើម្បីជួយឲ្យក្រុម Barca ខិតកាន់តែកៀកឆ្ពោះទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ។

ដោយឡែក ក្រុម Dortmund ដែលកំពុងតែនាំមុខលើកំពូលតារាង Bundesliga និងបានអវត្តមានខ្សែប្រយុទ្ធឡើងទម្រង់លេង Paco Alcacer បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ខណៈដែលពួកគេបានធ្វើឲ្យក្រុម Atletico រងបរាជ័យដ៏ធំបំផុតរបស់ពួកគេ ក្រោមការដឹកនាំរបស់លោក Diego Simeone៕