លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool សង្ឃឹមថា ការរិះគន់ផ្សេងៗទៅលើការធ្លាក់ចុះទម្រង់លេងកាលពីដើមរដូវកាលរបស់ Mohamed Salah នឹងត្រូវបាត់ខ្លួនដោយសារតែរកបានគ្រាប់បាល់បញ្ចូលទី ២គ្រាប់របស់ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបរូបនេះ ក្នុងពេលពួកគេយកឈ្នះ ៤-០ លើក្រុម Red Star Belgrade កាលពីថ្ងៃពុធ ដែលបានធ្វើឲ្យគ្រាប់បាល់សរុបរបស់គេសម្រាប់ក្លិបនេះ កើនដល់ ៥០គ្រាប់។
Salah បានបញ្ចប់ការមិនអាចរកបានគ្រាប់បាល់សោះត្រឹម ៤ប្រកួត តាមរយៈការរកគ្រាប់បាល់ឈ្នះនៅលើទឹកដីក្រុម Huddersfield កាលពីថ្ងៃសៅរ៍ និងហាក់បានវិលទៅរកភាពខ្លាំងរបស់ខ្លួនវិញក្នុងពេលរកបានគ្រាប់បាល់បញ្ចូលទីក្នុងតង់នីមួយៗរបស់គេ។ ខ្សែប្រយុទ្ធ Roberto Firmino និង Sadio Mane ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ ខណៈដែលខ្សែប្រយុទ្ធឆ្នើមទាំង៣របស់ Liverpool ដែលបានជួយឲ្យពួកគេឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីដូចគ្នាក្នុងការប្រកួតតែ១ ជាលើកដំបូង ក្នុងយុទ្ធនាការនេះ។ លោក Klopp បានឲ្យដឹងថា៖ «វាជារឿងដ៏ល្អដែលយើងអាចឈប់និយាយអំពីបញ្ហានោះ។ ខ្ញុំមិនបានស្ថិតក្នុងភាពសង្ស័យឡើយ រូបគេក៏មិនបានស្ថិតក្នុងភាពសង្ស័យដែរ ប៉ុន្តែប្រសិនបើអ្នកត្រូវបានគេចោទសួរលើករណីនោះ អ្នកគិតថា អ្វីៗកំពុងមានភាពល្អប្រសើរឡើង»។
Salah រកបានគ្រាប់បាល់សរុប៥០គ្រាប់ រហ័សជាងកីឡាកររូបណាទាំងអស់ក្នុងប្រវត្តិសាស្ត្ររបស់ Liverpool ក្រោយពីលេងបានត្រឹមតែ៦៥លើកសម្រាប់ក្រុមហង្សក្រហមមួយនេះ។ ស្របពេលជាមួយគ្នានេះ ប្រធានក្រុម Luuk De Jong បានរកគ្រាប់បាល់តាមស្មើសម្រាប់ក្រុម PSV Eindhoven ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Tottenham Hotspur កាលពីថ្ងៃពុធ ខណៈដែលលទ្ធផលនេះ អាចនឹងធ្វើឲ្យក្រុមទាំង២ប្រឈមមុខនឹងធ្លាក់ចេញដូចគ្នាពី Champions League៕
Klopp កោតសរសើរ Salah ខណៈ Liverpool លត់ Red Star ចាស់ដៃ
អត្ថបទទាក់ទង