ខ្សែបម្រើ Mesut Ozil របស់ក្លិប Arsenal បានសន្យាថា នៅតែរក្សាការគាំទ្រក្រុមជម្រើសជាតិអាល្លឺម៉ង់ បើទោះបីមានភពជូរចត់រវាងភាគីទាំង២ ជុំវិញការចូលនិវត្តន៍របស់គេពីកីឡាបាល់ទាត់អន្តរជាតិក៏ដោយ។ Ozil បានឆ្លើយតបទៅនឹងការចោទសួរ និងឆ្លើយ នៅមុនពេលការប្រកួតក្របខ័ណ្ឌ Europa League របស់ក្រុម Arsenal ជាមួយនឹងក្រុម Sporting Lisbon ថា៖ «ខ្ញុំតែងតែគាំទ្រក្រុមជម្រើសជាតិអាល្លឺម៉ង់ ចាប់តាំងពីខ្ញុំនៅក្មេងមកម្ល៉េះ ហើយខ្ញុំនៅតែមានមិត្តភ័ក្តិជាច្រើនដែលលេងឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់។ ពិតណាស់ ខ្ញុំនៅតែគាំទ្រក្រុមមួយនេះ»។

Ozil បានក្លាយជាសមាជិកដ៏សំខាន់ម្នាក់ក្នុងពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ ឈ្នះពាន World Cup ឆ្នាំ២០១៤។ ប៉ុន្តែ ខ្សែបម្រើដែលបានបង្ហាញខ្លួនជាអន្តរជាតិ ៩២លើករូបនេះ បានចូលនិវត្តន៍ពីកីឡាបាល់ទាត់អន្តរជាតិ ក្រោយពីការធ្លាក់ចេញយ៉ាងអាម៉ាសរបស់អាល្លឺម៉ង់ ពីយុទ្ធនាការ World Cup ជុំផ្តាច់ព្រ័ត្រនៅរុស្ស៊ី កាលពីរដូវកាលមុន ដោយបង្ហើបពី «ការមិនគោរព និងការរើសអើងជាតិសាសន៍» ក្នុងសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ (DFB)។ Ozil ដែលកើតក្នុងប្រទេសអាល្លឺម៉ង់ជាមួយនឹងឪពុកម្តាយជាជនជាតិតួកគីនោះ បានរងនូវការរិះគន់បែបរើសអើងជាតិសាសន៍។

ក្នុងរយៈពេលប៉ុន្មានខែមុន កីឡាករវ័យ៣០ឆ្នាំរូបនេះ បានបង្កើតឲ្យមានភាពចម្រូងចម្រាស់ផ្សេងៗ នៅពេលដែលរូបគេ និងខ្សែបម្រើ Ilkay Gundogan របស់ក្លិប Manchester City ដែលមានឈាមជ័រជាជនជាតិតួកគីដែរនោះ បានថតរូបជាមួយនឹងប្រធានាធិបតីរបស់តួកគីគឺលោក Recep Tayyip Erdogan នៅមុនពេលយុទ្ធនាការ World Cup៕