ខ្សែបម្រើ Ruben Loftus-Cheek បានបង្ហាញថ្វីជើងនៅថ្ងៃនៃការបង្ហាញខ្លួនក្នុងជម្រើសដំបូងដ៏កម្រសម្រាប់ក្រុម Chelsea តាមរយៈការស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងពេលពួកគេដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ លើក្រុម BATE របស់បេឡារុស ក្នុងការប្រកួតក្របខ័ណ្ឌ Europa League ស្របពេលដែលក្រុម Arsenal បន្តកំណត់ត្រាឈ្នះជាប់ៗគ្នារបស់ពួកគេរហូតដល់ទៅ១១លើក នៅលើទឹកដីក្រុម Sporting Lisbon។

Loftus-Cheek ដែលជាសមាជិកនៃក្រុមជម្រើសជាតិអង់គ្លេស ក្នុងយុទ្ធនាការ World Cup នៅរុស្ស៊ី បានចូលលេងក្នុងជម្រើសទាំង ១១នាក់ដំបូងជាលើកទី២ នៅរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Maurizio Sarri និងស៊ុតបាល់បញ្ចូលទី ២គ្រាប់ ក្រោយពីលេងបានត្រឹមតែ ៨នាទីដំបូង ខណៈដែល Chelsea បានគ្រប់គ្រងស្ទើរតែទាំងស្រុងនៅកីឡដ្ឋាន Stamford Bridge។ ខ្សែបម្រើវ័យ ២២ឆ្នាំរូបនេះ បានស៊ុតបាលបំប៉ោងសំណាញ់ទិ ក្រោយពីការបញ្ជូនបាល់ឆ្លងរបស់កីឡាករ Davide Zappacosta ខណៈដែលក្រុមតោខៀវ មានគ្រាប់បាល់នាំមុខ ក្រោយពីលេងបានត្រឹមតែ ២នាទី ហើយ Loftus-Cheek បានបន្ថែមគ្រាប់បាល់នាំមុខ នៅពេលដែលរូបគេស៊ុតបាល់ស្រាលចូលយ៉ាងល្អ បន្ទាប់ពីការបញ្ជូនបាល់ចេញពីជ្រុងម្ខាង។

រូបគេបានបំពេញគ្រាប់បាល់ទី៣របស់គេ តាមរយៈការស៊ុតបាល់នៅជ្រុងម្ខាង ខាងក្រៅប្រអប់គ្រោះថ្នាក់ នៅនាទី ទី៥៤ បើទោះបីក្រុម BATE បានរកគ្រាប់បាល់ ១គ្រាប់វិញ ក្រោយពីការស៊ុតបាល់ពិន័យពីចម្ងាយរបស់កីឡាករ Aleksei Rios ក៏ដោយ។ ក្រោយពីរូបគេបានក្លាយជាកីឡាកររបស់ Chelsea ទី១ក្នុងការស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងក្របខ័ណ្ឌអឺរ៉ុប ចាប់តាំងពី Didier Drogba កាលពី១២ឆ្នាំមុន Loftus Cheek បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «វាពិតជាផ្តល់នូវអារម្មណ៍ដ៏ល្អ»។ ជាមួយគ្នានេះ ក្រុម Arsenal បានយកឈ្នះលើក្រុម Sporting Lisbon ក្នុងលទ្ធផល ១-០ ដើម្បីកត់ត្រាជ័យជម្នះជាលើកទី១១របស់ខ្លួន៕
វីឌីអូហាយឡាយការប្រកួតទាំង ២គូ៖



ប្រភព៖ Channel News Asia