ខ្សែការពារ Marcelo របស់ក្រុម Real Madrid បានចូលរួមហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍ ហើយអាចនឹងរឹងមាំដើម្បីជួបជាមួយនឹងក្រុម Barcelona ក្នុងការប្រកួតក្របខ័ណ្ឌ La Liga នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។ នេះបើយោងទៅតាមរូបភាពផ្សេងៗដែលត្រូវបានបង្ហោះដោយក្លិបយក្សមួយនេះ។

Marcelo មានបញ្ហាត្រង់កជើងស្តាំរបស់គេ អំឡុងពេលក្រុមរបស់ខ្លួនដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុម Viktoria Plzen ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ដែលនាំឲ្យមានភាពស្រពេចស្រពិលផ្សេងៗជុំវិញការចូលរួមរបស់គេក្នុងជំនួប Clasico នៅកីឡដ្ឋាន Camp Nou នាពេលខាងមុខនេះ។ ប៉ុន្តែទោះបីជាយ៉ាងណា រូបភាពផ្សេងៗដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់ក្លិប បានបង្ហាញថា Marcelo កំពុងតែហ្វឹកហាត់ និងលេងបាល់ ដោយមិនមានបង់រុំជុំវិញកងជើងរបស់គេឡើយ។

Marcelo បានបញ្ជាក់ថា រូបគេមិនមានបញ្ហាអ្វីឡើយ ក្រោយពីការប្រកួតក្របខ័ណ្ឌ Champions League នាកីឡដ្ឋាន Santiago Bernabeu ប៉ុន្តែ ខ្សែការពារអន្តរជាតិប្រេស៊ីលរូបនេះ បានទទួលការត្រួតពិនិត្យផ្សេងៗ កាលពីថ្ងៃពុធ។ ការវិលទៅរកភាពរឹងមាំវិញរបស់គេ នឹងផ្តល់នូវការជឿជាក់មួយដល់ Real Madrid ដែលនឹងត្រូវប៉ះជាមួយនឹងក្រុម Barca ក្រោយពីឈ្នះតែ១លើកគត់ ពីការប្រកួត៦លើកចុងក្រោយរបស់ពួកគេ ក្នុងរាល់យុទ្ធនាការទាំងអស់៕
ប្រភព៖ Channel News Asia
