ក្លឹប Besiktas របស់តួគីមានគម្រោងចង់បញ្ចប់កិច្ចសន្យាខ្ចីជើងអ្នកចាំទីក្រុមហង្សក្រហម Liverpool កីឡាករ Loris Karius បន្ទាប់ពីក្លឹបបានព្រមព្រៀងខ្ចីជើងមករួមក្រុមអស់រយៈពេលបីខែកន្លងមកនេះ។ អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់រូបនេះត្រូវបានក្រុមអនុញ្ញាតឱ្យចាកចេញពីក្លឹប Anfield នៅរដូវក្តៅក្រោយពីមានកំហុសឆ្គងរបូតគ្រាប់បាល់បញ្ចូលទី ២គ្រាប់ក្នុងជំនួបបរាជ័យ ៣:១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រដូវកាលមុន។ Karius បានចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងខ្ចីរយៈពេលពីរឆ្នាំជាមួយក្លិប Besiktas។

ប៉ុន្តែយោងតាមសារពត៌មាន Fotomac នៅក្នុងប្រទេសតួគីបានចុះផ្សាយថាៈ ក្លឹបមានមូលដ្ឋាននៅទីករដ្ឋធានីអ៊ីស្តាំប៊ុល មិនមានការចាប់អារម្មណ៏ពេញចិត្ត និងចង់បន្តកិច្ចការងារជាមួយ Karius បន្តទៀតទេ ហើយបានស្នើសុំឱ្យក្លឹបហង្សក្រហម Liverpool លុបចោល កិច្ចព្រមព្រៀងខ្ចីជើងរបស់គេ ប៉ុន្តែក្រុមបានស្នើចង់ចុះហត្ថលេខានាំយក ខ្សែបម្រើ-ប្រយុទ្ធ Divock Origi ក្រុមជម្រើសជាតិបែលហ្សិគដែលជាមិត្តរួមក្រុម Liverpool របស់ Karius មកជំនួសវិញ។

Besiktas ដែលបច្ចុប្បន្នកំពុងឈរលេខ៤ ក្នុងក្របខ័ណ្ឌ Lig របស់ទួរគីដែលមាន ៣ពិន្ទុតាមពីក្រោយក្រុម Basaksehir ។ Karius វ័យ ២៥ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងរបស់លោកជាមួយនឹងក្រុម Bursaspor នៅខែកញ្ញា Karius បានបង្កកំហុស និងកំហុសមួយទៀតជាមួយក្រុម Malmo នៅក្នុងក្របខ័ណ្ឌ UEFA Europa League ដែលនោះជាមូលហេតុ ធ្វើអោយក្រុមមិនចង់បន្តកិច្ចសន្យាក្នុងលក្ខណ្ឌខ្ចីជើងសម្រាប់រូបគេ ទោះបីជាបែបនេះក្តីរូបគេនៅតែជាកីឡាករជម្រើសទី១ របស់ក្រុមនាពេលបច្ចុប្បន្ននេះ។

ប្រភព៖ BBC