ក្លិប Leicester បានប្រកាសថា ការប្រកួតក្របខ័ណ្ឌ Premier League របស់ពួកគេនៅលើទឹកដីក្រុម Cardiff នឹងត្រូវដំណើរការជាធម្មតានៅថ្ងៃសៅរ៍នេះ ក្រោយពីការធ្លាក់ដ៏សោកសៅរបស់ម្ចាស់ក្លិប Vichai Srivaddhanaprabha។

មហាសេដ្ឋីសញ្ជាតិថៃលោក Vichai បានស្ថិតក្នុងចំណោមជនរងគ្រោះទាំង ៥នាក់ដែលបានស្លាប់ នៅពេលដែលឧទ្ធម្ភាគចក្របានធ្លាក់ នៅក្រៅកីឡដ្ឋាន King Power របស់ក្លិប Leicester ក្រោយពីការប្រកួតកាលពីថ្ងៃសៅរ៍ជាមួយនឹងក្រុម West Ham។ ស្របពេលដែលការកាន់ទុក្ខភាពផ្សេងៗនៅតែកើតឡើងនៅកីឡដ្ឋាន និងកន្លែងធ្លាក់ឧទ្ធម្ភាគចក្រ ហើយក្រុមអ្នកស៊ើបអង្កេត ចាប់ផ្តើមប្រមូលយកកម្ទេចកម្ទីផ្សេងៗ Leicester បានពន្យារពេលការប្រកួតពាន League Cup លើទឹកដីខ្លួនឯងជាមួយនឹងក្រុម Southampton កាលពីថ្ងៃអង្គាររួចជាស្រេច។

ប៉ុន្តែ ក្លិបនេះ បានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេនឹងធ្វើដំណើរទៅកាន់ភាគខាងត្បូងនៃប្រទេសវេលស៍ ដើម្បីជួបជាមួយនឹងក្រុម Cardiff នៅចុងសប្តាហ៍នេះ។ ការស្មឹកស្មាធរយៈពេល១នាទី នឹងត្រូវធ្វើឡើង នៅមុនពេលការប្រកួតនៅកីឡដ្ឋាន Cardiff City ហើយកីឡាករនឹងពាក្យបូរពណ៌ខ្មៅ ដើម្បីកាន់ទុក្ខលោក Vichai។ ក្លិបបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការប្រកួតក្របខ័ណ្ឌ Premier League របស់ក្រុម Leicester City នៅលើទឹកដីក្រុម Cardiff City នៅថ្ងៃសៅរ៍នេះ នឹងដំណើរការដូចការគ្រោងទុក ខណៈដែលក្លិបនេះ នឹងបន្តការកាន់ទុក្ខរបស់ខ្លួនចំពោះលោកប្រធាន Vichai Srivaddhanaprabha ដែលបានស្លាប់»៕

ប្រភព៖ Channel News Asia